ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការមិន​បញ្ជូន​អ្នកសង្កេតការណ៍​ការបោះ​ឆ្នោត​របស់​អាមេរិក និង​ជប៉ុន​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 25
អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការមិន​បញ្ជូន​អ្នកសង្កេតការណ៍​ការបោះ​ឆ្នោត​របស់​អាមេរិក និង​ជប៉ុន​ អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ទៅនឹង​ការមិន​បញ្ជូន​អ្នកសង្កេតការណ៍​ការបោះ​ឆ្នោត​របស់​អាមេរិក និង​ជប៉ុន​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងបញ្ជាក់ថា សហរដ្ឋអាមេរិក និងជប៉ុន មិនបានបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា នាថ្ងៃទី ២៩ ខែកក្កដា គឺមិនប៉ះពាល់ដល់ភាពត្រឹមត្រូវ និងដំណើរការនៃការបោះឆ្នោតនោះទេ ពីព្រោះស្ថានទូតស្ទើរតែទាំងអស់បានដាក់អ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោត ។

ការថ្លែងបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប គឺធ្វើឡើង បន្ទាប់ពីខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានប្រកាសកាលពីថ្ងៃទី ២៥ កក្កដា ម្សិលមិញថាខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះទេ ។ ចំណែកស្ថានទូតអាមេរិកវិញ ក៏បានបញ្ជាក់កាលពីម្សិលមិញដែរថា គ្មានភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនៅកម្ពុជានោះដែរ ។

អ្នកនាំពាក្យ គ.ជ.ប រូបនេះក៏បានបញ្ជាក់ដែរថា ចំពោះស្ថានទូតដែលប្រចាំនៅកម្ពុជាស្ទើរតែទាំងអស់បានដាក់អ្នកអង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងនោះមានដូចជា ស្ថានទូតមីយ៉ាន់ម៉ា ស្ថានទូតចិន ស្ថានទូតសិង្ហបុរី ស្ថានទូតទីម័រឡេស ស្ថានទូតហ្វីលីពីន ស្ថានទូតព្រុយណេ ស្ថានទូតថៃ ស្ថានទូតនីហ្សេរីយ៉ា ស្ថានទូតរ៉ូម៉ានី និងស្ថានទូតផ្សេងៗមួយចំនួនទៀត ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា នេះគ្រាន់តែជាភាសាប្រយោលទេ ប៉ុន្តែបច្ចុប្បន្ន ការិយាល័យរបស់ជប៉ុនស្ថិតនៅជាមួយ គ.ជ.ប និងធ្វើការជាមួយ គ.ជ.ប យ៉ាងជិតស្និទ្ធ ។ ទាក់ទងនឹងការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិក នោះគឺជាសិទ្ធិនៃការសម្រេចចិត្តរបស់គេ ហើយខាងណាចង់ចូលរួមក៏ចូល បើមិនចូលរួមទេ ក៏មិនប៉ះពាល់ដល់ភាពត្រឹមត្រូវ និងដំណើរការនៃការបោះឆ្នោតដែរ ។

លោកបន្តថា រហូតមកដល់ពេលនេះអ្នកសង្កេតការណ៍ជាតិសម្រាប់ឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ នេះមានចំនួន ៧៩,៦២១នាក់ (ស្រីចំនួន ៤៣,៩២៩ នាក់) មកពីស្ថាប័នអង្គភាពចំនួន ១១២ ។ ហើយអ្នក សង្កេតការណ៍អន្តរជាតិមានចំនួន ២១៣ នាក់ (ស្រីចំនួន ៥៩ នាក់) មកពីស្ថាប័ន និងប្រទេសចំនួន ៣២ ហើយការទទួលអ្នកសង្កេតការណ៍អន្តរជាតិ រហូតមកដល់ពេលនេះនៅមិនទាន់ចប់នៅឡើយទេ គឺ គ.ជ.ប កំពុងតែពិនិត្យនៅសល់ ១០ ស្ថាប័នទៀត និងមានគ្នាចំនួន ៩៣ នាក់ (ស្រីចំនួន ២១ នាក់) ៕

អត្ថបទទាក់ទង