នៅម៉ោង ៣:០០ រសៀលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលពាក់ព័ន្ធ និងការជំនុំជម្រះលើ អ្នកដឹកនាំធ្វើយុទ្ធនាការម្រាមដៃស្អាត ៥នាក់ នៅខេត្តបាត់ដំបង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងប្រកាសលទ្ធផល នៃសវនាការរបស់ខ្លួន នៅម៉ោង៣:០០រសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងការជំនុំជម្រះលើ អ្នកដឹកនាំធ្វើយុទ្ធនាការម្រាមដៃស្អាត ៥នាក់ នៅខេត្តបាត់ដំបង។ នេះបើតាមការអះអាងរបស់ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ បុគ្គលទាំង៥រូបដែលរងនូវការប្តឹងនេះសុទ្ធសឹងតែជាអតីតសមាជិក នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះរួមមានឈ្មោះ ជា ជីវ (អតីតតំណាងរាស្រ្ត), ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។ ការបើកសវនាការនេះ ធ្វើឡើងបន្ទាប់ពីភាគីចុងចម្លើយបានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គ.ខ.បខេត្តបាត់ដំបង។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ក្នុងករណីសេចក្តីសម្រេចដោយគ.ជ.ប ពេលនេះ ភាគីពាក់ព័ន្ធនៅតែមិនអស់ចិត្ត ពួកគាត់ក៏អាចប្តឹងដើម្បីឱ្យមានការដោះស្រាយចុងក្រោយ នៅក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ សូមបញ្ជាក់ថា បន្ទាប់ពីបើកសវនាការអស់រយៈពេលមួយព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ខេត្តបាត់ដំបង បានសម្រេចធ្វើការផាកពិន័យជាទឹកប្រាក់ចំពោះសមាជិកអតីតគណបក្សប្រឆាំងចំនួន៥នាក់ខាងលើនេះ ក្នុងម្នាក់ៗចំនួន១០លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ដែលបំផុសបំផុសដោយ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ៕