ខ្មែរប៉ុស្ដិ៍ Close

លោក កឹមរ័ត្ន វិសិដ្ឋ៖ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 71
លោក កឹមរ័ត្ន វិសិដ្ឋ៖ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក លោក កឹមរ័ត្ន វិសិដ្ឋ៖ អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានគូសបញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរជាតិទាំង​២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកសុទ្ធតែអ្នកមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោតនៅក្នុងបណ្តាប្រទេសនានាលើពិភពលោក។ លោកបានថ្លែងដូចនេះ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងពិធីផ្តល់ព័ត៌មានដល់អ្នក​សារព័ត៌មាន អំពីកា​រចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា អ្នកសង្កេតការណ៍អន្តរជាតិទាំង​នោះ អញ្ជើញមកចូលរួមសង្កេតការណ៍នៅកម្ពុជាតាមរយៈគោលការណ៍ស្ម័គ្រចិត្ត មានឯករាជ្យភាពរបស់ខ្លួន និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការថ្លែងនូវអ្វីដែលជាការពិតដែលគេបានសង្កេតការណ៍ដោយផ្ទាល់។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានក្រុមអ្នកសង្កេត​ការណ៍​ជាតិ​ចំនួន ១ ០៣៦នាក់មកពី៩៣ អង្គការ សមាគមនៅទូទាំងរាជធានី ខេត្ត និងក្រុមអ្នកសង្កេត​ការណ៍​អន្តរជាតិ​ចំនួន ២២០នាក់តាំងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ក្រៅពីការចុះសង្កេតការណ៍ដោយផ្ទាល់តាមការិយាល័យបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្ត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏នឹងគ្រោងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នកំពូលមួយចំនួនព្រមទាំងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធផ្សេងៗ។

បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោតក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានាផងដែរ៕

អត្ថបទទាក់ទង