ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតនៅទីម័រឡេស្តេបានបើកឱកាសថ្មីដល់ប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 71
ការបោះឆ្នោតនៅទីម័រឡេស្តេបានបើកឱកាសថ្មីដល់ប្រទេសចិន រូបថត Asia Times

ទំនាក់ទំនងរបស់ទីម័រឡេស្តេជាមួយប្រទេសចិន ទទួលបានការចាប់អារម្មណ៍សារជាថ្មីម្តងទៀត នៅពេលដែលអតីតអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព លោក Jose Ramos-Horta នឹងដណ្តើមតំណែងជាប្រធានាធិបតីឡើងវិញ បន្ទាប់ពីការបោះឆ្នោតជុំទី២ កាលពីថ្ងៃអង្គារកន្លងទៅ។

លោក Ramos-Horta បានទទួលសំឡេងគាំទ្រ ៤៦,៥% នៅក្នុងការបោះឆ្នោតជុំទី១ ក្នុងខែមីនា ហើយលោកត្រូវការតែ ៣០០០០ សំឡេងទៀតប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជុំទី២ ដើម្បីអាចដណ្តើមបានតំណែងជាប្រធានាធិបតី។ ប្រធានាធិបតីចប់អាណត្តិ លោក Francisco Guterres ហៅ Lu Olo បានឈរនៅលំដាប់ទី២ ជាមួយនឹងសំឡេងដាច់ឆ្ងាយ គឺត្រឹមតែ ២២,១% ប៉ុណ្ណោះនៅក្នុងការ បោះឆ្នោតជុំទី១។

នៅជុំទី២ កាលពីថ្ងៃអង្គារ លោក Ramos-Horta ក៏បាននាំមុខយ៉ាងល្អផងដែរ ហើយវាមានភាគរយខ្ពស់ដែលលោកអាចមកកាន់តំណែងជាប្រធានាធិបតីឡើងវិញ។ លោក Ramos-Horta បានលើកឡើងថា «លោកអាចនឹងរំលាយសភាចោល ឬអំពាវនាវឱ្យមានការ បោះឆ្នោតនីតិបញ្ញត្តិថ្មីមុនកាលកំណត់ ១ ឆ្នាំ»។

យុទ្ធនាការឃោសនាសម្រាប់តំណែងជាប្រធានាធិបតីរបស់លោកបានទទួលការគាំទ្រពីលោក Xanana Gusmao ដែលជាមេដឹកនាំនយោបាយដ៏សំខាន់ម្នាក់ ក្នុងចំណោមមេដឹកនាំនយោបាយដ៏សំខាន់ចំនួន ២ រូបរបស់ប្រទេសនេះ។ គណបក្សរបស់លោក Xanana Gusmao បានធ្លាក់ចេញពីរដ្ឋាភិបាលនៅឆ្នាំ២០២០ បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងដកតំណែងនាយករដ្ឋមន្ត្រីរបស់លោក Taur Matan Ruak។

លោក Gusmao ដែលជាវីរៈបុរសឯករាជ្យ និងជាប្រធានគណបក្សសមាជជាតិ ដើម្បីការកសាងទីម័រឡេស្តេ (National Congress of the Reconstruction of Timor Leste-CNRT) បានចាត់ទុករដ្ឋាភិបាលបច្ចុប្បន្នជា «រដ្ឋាភិបាលខុសច្បាប់»។

ការផ្លាស់ប្តូររដ្ឋាភិបាលអាចនាំមកនូវការដាក់ឱ្យដំណើរការសារជាថ្មីនូវគម្រោងដំណើរការឧស្មន័ទ្រង់ទ្រាយធំនៅលើឆ្នេរសមុទ្រ ដែលបានជាប់គាំងអស់មួយរយៈពេល។ ប្រទេសចិនក៏ទំនងជាកំពុងត្រៀមខ្លួនផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរដល់គម្រោងអភិវឌ្ឍនេះ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការរបស់ទីម័រឡេស្តេជាមួយប្រទេសចិន នៅមានកម្រិតតិចតួចណាស់។ ទិន្នន័យរបស់ OEC បានឱ្យដឹងថា «នៅក្នុងឆ្នាំ២០២០ ទីម័រឡេស្តេបាននាំចេញទំនិញត្រឹមតែ ១,១ លានដុល្លារប៉ុណ្ណោះទៅកាន់ប្រទេសចិន និងបាននាំចូលទំនិញពីប្រទេសចិនចំនួន ១៩០ លានដុល្លារ»។ ប៉ុន្តែ​ចិន​ក៏បាន​ជួយសាងសង់​វិមាន​ប្រធានាធិបតី, ក្រសួង​ការ​បរទេស និង​អគារ​ការពារជាតិ​នៅទី​ក្រុង​ Dili ផងដែរ។

អ្នកនាង Andrea Fahey ដែលជាបណ្ឌិតនៅមហាវិទ្យាល័យសន្តិសុខជាតិនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា «ក្នុងអំឡុងពេលដែលលោក Gusmao និងគណបក្ស CNRT បម្រើការនៅក្នុងរដ្ឋាភិបាលនៅក្រោយឆ្នាំ ២០០៧ ពួកគេបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដែលជាមធ្យោបាយមួយដើម្បីរក្សាតុល្យភាពឥទ្ធិពលរបស់លោកខាងលិច ជាពិសេសគឺដៃគូបរទេសដ៏សំខាន់របស់ទីម័រឡេស្តេ គឺប្រទេសអូស្ត្រាលី»។

អ្នកនាងបានបន្តថា «នៅរាល់ពេលដែលគម្រោងរបស់លោក Gusmao រងនូវការសង្ស័យ លោក Gusmao តែងទៅរកអ្នកវិនិយោគចិនឱ្យជួយសម្រេចគម្រោងរបស់លោក»។ ប៉ុន្តែនៅឆ្នាំ ២០១៩ លោក Ramos-Horta បានច្រានចោលនូវការព្រួយបារម្ភរបស់អូស្ត្រាលីជុំវិញឥទ្ធិពលរបស់ចិនមកលើអ្នកនយោបាយទីម័រឡេស្តេ។

លោក Ramos-Horta
លោក Ramos-Horta

លោក Ramos-Horta បាននិយាយថា «វាគឺជារឿងដ៏គួរឱ្យអស់សំណើចណាស់ នៅពេលដែលខ្ញុំបានលឺអ្នកសិក្សាស្រាវជ្រាវ, អ្នកកាសែត និងអ្នកនយោបាយអូស្ត្រាលីនិយាយអំពីឥទ្ធិពលរបស់ចិននៅទីម័រឡេស្តេ។ ចុះចំណែកឥទ្ធិពលរបស់ចិននៅទូទាំងប្រទេសអូស្ត្រាលីវិញ តើវាមានលក្ខណៈបែបណាដែរ?»

លោក Damien Kingsbury ដែលជាសាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិ នៅសាកលវិទ្យាល័យ Deakin របស់អូស្ត្រាលីបាននិយាយថា «ទាំងលោក Ramos-Horta និង Lu-Olo សុទ្ធតែមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយអ្នកតំណាងរបស់ចិននៅ ក្នុងប្រទេសទីម័រឡេស្តេ»។

ប៉ុន្តែ​សំណួរ​សួរថា តើ​អ្នក​ណា​អាច​សម្រប​សម្រួលបានល្អ​ជាង​លើគម្រោងវិនិយោគ​របស់​ចិន ជាពិសេស​ទាក់ទង​នឹងក្តី​សុបិន្ត​ប្រេង និង​ឧស្ម័ន​របស់​អ្នកនយោបាយ​ឈានមុខ​គេ​មួយចំនួន​របស់​ប្រទេស​នេះ​។ ភាគច្រើន វាមានជាប់ទាក់ទងនឹងទុនបម្រុង ប្រេង និងឧស្ម័ន របស់ប្រទេសទីម័រឡេស្តេ ដែលមានចំនួនប្រហែល ៩០% នៃ GDP របស់ប្រទេស។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលគម្រោង Greater Sunrise បានបន្តជាប់គាំង។ ប្រទេសទីម័រឡេស្តេ និងអូស្ត្រាលីធ្លាប់បានព្រមព្រៀងគ្នាចែករំលែកប្រាក់ចំណូលពីតំបន់ឧស្ម័ន «Greater Sunrise» ដែលមានតម្លៃប្រមាណ ៦៥ ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែការព្រមព្រៀងនេះត្រូវបានធ្វើឡើង បន្ទាប់ពីកើតមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំ បូករួមនឹងការចោទប្រកាន់ថា «អូស្ត្រាលីបានធ្វើចារកម្មលើប្រទេស
ជិតខាងដ៏តូចរបស់ខ្លួន»។

នៅដើមទសវត្សរ៍ឆ្នាំ ២០១០ មន្ត្រីរដ្ឋាភិបាលបានដាក់ចេញនូវគំនិតស្តីពីគម្រោង «Tasi Mane» ដែលជាច្រករបៀងនៃហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈនៅតាមបណ្តោយឆ្នេរភាគនិរតីនៃប្រទេសដែល នឹងដំណើរការឧស្ម័ន LNG នៅលើឆ្នេរសមុទ្រ។

លោក Gusmao បានគាំទ្រគម្រោងនេះ ដោយលោកបានចាត់ទុកវាជាកត្តាជំរុញដ៏សំខាន់ដែលនឹងជួយបង្កើតការងារក្នុងស្រុក ក៏ដូចជានឹងនាំមកនូវមោទនភាពជាតិ បើទោះបីជាមានការប្រឆាំងពីភាគីពាក់ព័ន្ធជាច្រើនក៏ដោយ។ លោក Ruak ដែលជាអតីតប្រធានាធិបតី បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានដំណើរការយុទ្ធនាការស៊ើបអង្កេតលើផែនការចំណាយទ្រង់ទ្រាយធំរបស់គណបក្ស CNRT និង Fretilin ។

ដំបូងឡើយ លោក Ruak បានដឹកនាំយុទ្ធនាការនេះជាផ្នែកមួយនៃសម្ព័ន្ធចម្រុះដើម្បីការផ្លាស់ប្តូរនិងវឌ្ឍនភាពដែលរួមមានគណបក្សរំដោះប្រជាជន (PLP) របស់លោក, គណបក្ស CNRT របស់លោក Gusmao បូករួមនឹងគណបក្ស KHUNTO។

ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២០ គណបក្ស CNRT បានដកការគាំទ្រចេញពីផែនការថវិការបស់សម្ព័ន្ធ ហើយក្រោយមក លោក Ruak បានគំរាមលាលែងពីតំណែង ហើយលោក Gusmao ក៏បាននិយាយថា «លោកនឹងបង្កើតក្រុមចម្រុះថ្មីមួយទៀត»។ នៅទីបំផុត លោក Ruak ក៏ទទួលបានកិច្ចព្រមព្រៀងជាមួយគណបក្ស Fretilin ដែលជាគណបក្សដ៏ធំបំផុតមួយនៅក្នុងសភា។

ក្រោយមករដ្ឋាភិបាលបានដកមន្ត្រីសំខាន់ៗចំនួន ៣ នាក់ចេញពីវិស័យប្រេងនិងឧស្ម័ន ដោយក្នុងនោះ លោក Alfredo Pires ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីប្រេង, លោក Francisco Monteiro ត្រូវបានបណ្តេញចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Timor GAP ដែលជាក្រុមហ៊ុនប្រេងជាតិ ហើយលោក Gualdino Da Silva ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានអាជ្ញាធរប្រេង និងរ៉ែ។

លោក Xanana Gusmao និងលោក ស៊ី ជីនពីង
លោក Xanana Gusmao និងលោក ស៊ី ជីនពីង

លោក Gusmao ក៏បានលាលែងពីតំណែងជាអ្នកតំណាងពិសេសសម្រាប់ប្រេង និងជាប្រធានអ្នកចរចាសម្រាប់ការអភិវឌ្ឍគម្រោង «Greater Sunrise» ផងដែរ បន្ទាប់ពីការបណ្តេញចេញនូវមន្ត្រីទាំងនេះ។ មន្ត្រីទាំង ៤ នាក់នេះ គឺជាអ្នកដែលបានចរចារលើកិច្ចព្រមព្រៀង Sunrise ជាមួយអូស្ត្រាលី។

លោក Ramos-Horta ដែលទទួលបានការគាំទ្រពីលោក Gusmao និងគណបក្ស CNRT បានលើកឡើងថា «លោកអាចនឹងរំលាយសភាចោលនៅក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីលោកចូលកាន់តំណែងជាប្រធានាធិបតី»។

បញ្ហានេះគឺបណ្តាលមកពីរឿងរ៉ាវ ដែលបានកើតឡើងនៅឆ្នាំ ២០១៨ នៅពេលដែលប្រមុខរដ្ឋដែលកំពុងកាន់អំណាចគឺលោក Lu-Olo បានបដិសេធមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីមួយចំនួនមកពីគណបក្ស CNRT ស្បថចូលកាន់តំណែង ដោយលោកបានលើកឡើងអំពីការចោទប្រកាន់អំពីការប្រព្រឹត្តិអំពើពុករលួយ ឬបញ្ហាសីលធម៌មិនល្អ។ ជាក់ស្តែង វាគឺជារឿងនយោបាយ ដោយក្នុងនោះ លោក Lu-Olo គឺជាអ្នកតំណាងរបស់គណបក្ស Fretilin ដែលជាគូប្រជែងដ៏សំខាន់របស់គណបក្ស CNRT ។

លោក Parker Novak ដែលជាអតីតនាយកកម្មវិធីប្រចាំប្រទេសទីម័រឡេស្តេ និងឥណ្ឌូណេស៊ីរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិបានហៅការ បោះឆ្នោតប្រធានាធិបតីនៅសប្តាហ៍នេះថាជា «ការប្រកួតប្រជែងដោយប្រើកូនអុក (Proxy Bout) នៅក្នុងជម្លោះមិនចេះចប់» រវាងមេដឹកនាំនយោបាយ ២ របស់ប្រទេស គឺលោក Gusmao និងលោក Mari Alkatiri ដែលជាមេដឹកនាំរបស់គណបក្ស Fretilin។

អ្នកនាង Fahey ដែលមកពីសាកលវិទ្យាល័យជាតិអូស្ត្រាលីបាននិយាយថា «ប្រសិនបើលោក Ramos Horta ទទួលបានជ័យជំនះ និងនាំយកគណបក្ស CNRT មកកាន់រដ្ឋាភិបាលវិញ នោះទំនាក់ទំនងថ្មីជាមួយប្រទេសចិនទំនងជានឹងកើតមាន»។ លោក Gusmao នឹងត្រលប់មកវិញជាមួយនឹងមហិច្ឆតារបស់លោកក្នុងការបង្កើតរោងចក្រកែច្នៃឧស្ម័ន LNG ហើយការប្រយុទ្ធប្រឆាំងគ្នាដ៏អូសបន្លាយអាចនឹងកើតមានសារជាថ្មីជាមួយអូស្ត្រាលី និងក្រុមហ៊ុនប្រេងអូស្ត្រាលីជុំវិញភាពជាម្ចាស់លើទុនបម្រុង ប្រេង និងឧស្ម័ន ដែលស្ថិតនៅក្នុងតំបន់ ដែលមានជម្លោះពីមុន។

ប្រសិនបើទីម័រឡេស្តេចង់ផ្តល់មូលនិធិដល់គម្រោង «Tasi Manet» ទាំងមូលដោយខ្លួនឯង វាទំនងជានឹងត្រូវចំណាយប្រាក់ចន្លោះពី ៨ ទៅ ៩ ពាន់លានដុល្លារ ហើយអាចមានចំនួនច្រើនជាងនេះទៅទៀត ប្រសិនបើការចំណាយកើនលើសចំណូល។

អ្នកជំនាញភាគច្រើនយល់ថា «ប្រទេសទីម័រឡេស្តេក៏នឹងត្រូវស្វែងរកដៃគូបរទេសដើម្បីសហការផងដែរ ដោយសារតែទីម័រឡេស្តេខ្វះអ្នកជំនាញបច្ចេកទេស ក្នុងការអភិវឌ្ឍគម្រោង ហើយបញ្ហានេះអាចនឹងបើកឱកាសសម្រាប់ការវិនិយោគរបស់ចិន»។

ប្លុកអណ្ដូងប្រេង Sun Rise របស់ប្រទេសទីម័រឡេស្តេ នៅក្នុងដែនសមុទ្រទីម័រឡេស្តេ

នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយ NHK World របស់ប្រទេសជប៉ុន លោក Gusmaoត្រូវបានសួរអំពីទំនាក់ទំនងរបស់ប្រទេសរបស់លោកជាមួយប្រទេសចិន។ លោក​បាន​ឆ្លើយ​ថា​ «​គោលការណ៍​របស់​យើង​គឺ​ គ្មាន​សម្ព័ន្ធមិត្ត, គ្មាន​សត្រូវ, គ្រប់គ្នាទាំងអស់គឺជាមិត្ត​»។

លោក​បាន​បន្ថែម​ថា «ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​បំផុត​ យើង​ត្រូវ​ការ​អ្នក​ទាំងអស់គ្នា។ យើង​ធ្លាប់មាន​បញ្ហា​ជាមួយ​ប្រទេស​ឥណ្ឌូណេស៊ី ក៏ប៉ុន្តែយើង​បាន​ធ្វើ​ការ​សម្រុះសម្រួលគ្នាហើយ។ ឥឡូវនេះ ពួក​យើង​ជា​មិត្ត។ យើងមាន បញ្ហាជាមួយអូស្ត្រាលី, យើងបានដោះស្រាយវា ហើយឥឡូវ​នេះយើង​ក៏ជា​មិត្ត​នឹង​គ្នាផងដែរ»៕

Asia Times

អត្ថបទទាក់ទង