ឌួង ហ្សូរីដា ជួបទុក្ខធំ ព្រោះអ្នកម្ដាយជាទីស្រលាញ់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រៅប្រទេស
ពិធីការិនីរូបស្រស់ កញ្ញា ឌួង ហ្សូរីដា ជួបទុក្ខធំ ដោយសារតែម្ដាយជាទីស្រលាញ់កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្រៅប្រទេស ព្រោះតែជម្ងឺធ្វើទុក្ខ។ ប៉ុន្មានថ្ងៃមុននេះកញ្ញាបានធ្វើដំណើរទៅប្រទេសថៃទាំងយប់ ដើម្បីយកម្ដាយទៅព្យាបាល បណ្ដាលឲ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភជាខ្លាំង។ តែយ៉ាងណាមិញ មកដល់ពេលនេះ អាការៈអ្នកម្ដាយហាក់ដូចជាធូរស្រាលច្រើនហើយ។
ដោយយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា បានពោលទាំងសោកសៅថា៖ «អំពើល្អ មិនសាបសូន្យ។ អរគុណដល់មិត្តភក្រ្ត័ បងប្អូន ក្រុមគ្រួសារ និង Fans ទាំងអស់សំរាប់ការបារម្ភនិង ជូនពរអ្នកម្តាយរបស់ខ្ញុំអោយបានឆាប់ជា និង ជឿសផុតពីទុក្ខភ័យ ហើយក៏សុំទោស ដែលមិនបានឆ្លើយតបសារនិងខមីនអស់ ព្រោះច្រើនខ្លាំងពេក ហើយរវល់ពេញមួយយប់ជាមួយក្រុមគ្រូពេទ្យ។ សូមជំរាបថា ម្តាយរបស់ខ្ញុំបានធូរស្រាលបន្តិចហើយ ប៉ុន្តែមិនទាន់ចេញពីបន្ទប់ ICU នៅឡើយទេ ព្រោះរាងកាយរបស់គាត់ចុះខ្សោយខ្លាំង តែសំណាងបំផុតដែលខ្ញុំបានយកគាត់មកសង្រ្គោះទាន់ពេលវេលា។ អរគុណទេវតា និង វត្ថុសក្ត័សិទ្ធិក្នុងលោកដែលតែងតែសណ្តោសប្រណី និង ផ្តល់ជូនពរជ័យអោយគ្រួសារមួយនេះផុតទុក្ខទោស រាល់គ្រប់បញ្ហា និង ឧបសគ្គនៃជីវិត»។ ក្នុងនោះផងដែរ ក៏មានអ្នកលេងបណ្ដាញហ្វេសប៊ុកជាច្រើនបានសម្ដែងក្ដីធូរចិត្ត និងជួយជូនពរដល់ម្ដាយកញ្ញាឲ្យឆាប់ជាសះស្បើយផងដែរ៕