ខ្មែរប៉ុស្ដិ៍ Close

៩ ថ្ងៃទៀតការបោះឆ្នោតនឹងចូលមកដល់! សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 16
៩ ថ្ងៃទៀតការបោះឆ្នោតនឹងចូលមកដល់! សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៩ ថ្ងៃទៀតការបោះឆ្នោតនឹងចូលមកដល់! សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

គិតមកដល់ត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឱ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះដើម្បីបោះឆ្នោតបាន?
មានសំណួរចម្លើយចំនួន៧របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតនេះ។

សំណួរទី១៖ តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅពេលណានិងនៅទីកន្លែងណា?
ចម្លើយ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។សំណួរទី២៖ ដើម្បីបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរត្រូវមានលក្ខខណ្ឌដូចម្ដេច?
ចម្លើយ៖ ទី១-ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងទី២-ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោត។
សំណួរទី៣៖ តើឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើនៅពេលបោះឆ្នោតមានអ្វីខ្លះ?
ចម្លើយ៖ ត្រូវមានឯកសារណាមួយ ក្នុងចំណោមឯកសារដូចទៅនេះ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។
សំណួរទី៤៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុណ៤ ចំនួន៣សន្លឹក (ថតចំពីមុខ) និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ជាមួយ មកបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ឬចៅសង្កាត់ ដើម្បីបំពេញលិខិតស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
សំណួរទី៥៖ តើកាលបច្ឆេទនៃការស្នើ សុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កំណត់ពីពេលណាដល់ពេលណា?
ចម្លើយ៖ ត្រូវស្នើសុំក្នុងរយៈពេល៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
សំណួរទី៦៖ តើបណ្ណព័ត៌មានអ្នកបោះឆ្នោត មានសារប្រយោជន៍យ៉ាងដូចម្ដេច?
ចម្លើយ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត មានប្រយោជន៍ណាស់ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ព្រោះបណ្ណនេះបានផ្ដល់ព័ត៌មានផ្ទាល់របស់អ្នកបោះឆ្នោតអំពី លេខរៀង ឈ្មោះអ្នកបោះឆ្នោត កាលបរិច្ឆេទនៃការបោះឆ្នោត ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោតជាដើម។ បណ្ណព័ត៌មាននេះ មិនអាចប្រើបោះឆ្នោតបានឡើយ។
សំណួរទី៧៖ ប្រសិនបើប្រជាពលរដ្ឋចង់ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ ប្រជាពលរដ្ឋត្រូវទៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីស្នាក់ការគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីសុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬទៅពិនិត្យមើលឈ្មោះ នៅតាមការិយាល័យបោះឆ្នោត ដែលបិទផ្សាយមួយថ្ងៃមុនថ្ងៃបោះឆ្នោត។ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលបញ្ជីបោះឆ្នោតនេះ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh ៕

អត្ថបទទាក់ទង