អាជ្ញាធរជាតិអប្សរានិងវិស័យឯកជនរួមគ្នាដាំកូនឈើជាង២០០០ដើមនៅបរិវេណខាងកើតខ្លោងទ្វារប្រាសាទតាព្រហ្ម
កូនឈើពូជកម្រនិងមានតម្លៃជាង២០០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជនប្រមាណជាង៣០ក្រុមហ៊ុនដែលបម្រើឱ្យវិស័យទេសចណ៍នៅក្នុងខេត្តសៀមរាប មជ្ឈមណ្ឌលយុវជនខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានជាង២០០០នាក់ បានយកទៅដាំនៅក្នុងបរិវេណខាងកើតខ្លោងទ្វារប្រាសាទតាព្រហ្ម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
លោក យិត សូវ៉ាត ប្រធានគ្រប់គ្រងផ្នែកកាត់ក្រីឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សា បានឱ្យដឹងថា កូនឈើដែលយកមកដាំសរុបទាំងអស់ចំនួន២១៧០ដើម មាន៖ នាងនួន១៥០៤ដើម បេង២៧៥ដើម និងក្រញូង៣៩១ ជាប្រភេទកម្រនិងមិនសូវសម្បូរក្នុងតំបន់អង្គរ។ កូនឈើទាំងអស់នឹងរស់គ្រប់ដើម ព្រោះមជ្ឈដ្ឋានជុំវិញមិនមានការបំផ្លាញ ហើយប្រហែលជា៧ទៅ១០ឆ្នាំ ព្រៃពូជនេះនឹងលូតលាស់ល្អបំផុត ក្រោមការថែទាំពីបុគ្គលិកព្រៃឈើក្នុងឧទ្យានអង្គរពេលដាំរួច។ ដូច្នេះហើយ ក្រុមការងារព្រៃឈើក្រៅពីមានតួនាទីទ្រទ្រង់ប្រាសាទហើយ គឺយកចិត្តទុកដាក់ខ្លាំងលើការការពារបរិស្ថានជុំវិញប្រាសាទ។
លោក ហ្វីលិព កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍សៀមរាប (STC) បានលើកឡើងថា នេះជាលើកទី១ដែល STC បានប្រមូលប្រតិបត្តិករទេសចរណ៍ជាង៣០ស្ថាប័នដោយមានអ្នកចូលរួមជាង២០០០នាក់ ចូលរួមដាំកូនឈើនាងនួននិងកូនឈើដទៃទៀតដើម្បីផ្សព្វផ្សាយទីក្រុងសៀមរាបឱ្យក្លាយជាតំបន់ទេសចរណ៍ប្រកបដោយនិរន្តរ៍ភាព ដើម្បីរួមចំណែកទាំងថែរក្សាបរិស្ថាន ការទ្រទ្រង់ប្រាសាទ ទាក់ទាញទេសចរ ដែលប្រតិបត្តិករទេសចរណ៍ទាំងអស់គួរធ្វើដើម្បីសងទៅអង្គរវិញ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរបានឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធីដាំកូនឈើនេះថា អាជ្ញាធរជាតិអប្សរាតែប្រារព្ធពិធីដាំដើមឈើជារៀងរាល់ឆ្នាំ តែនេះជាករណីពិសេសដែលអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារឯកជនជាច្រើន រួមទាំងយុវជនឱ្យចូលរួមចំណែកថែរក្សាបរិស្ថាន អភិរក្សពូជឈើដែលជិតផុតពូជ ដើម្បីតបស្នងទៅអង្គរវិញ ព្រោះពួកគាត់អាស្រ័យផលនឹងអង្គរ។ លើសពីនោះទៀត កម្មវិធីនេះជាការចំណែកមួយនៃការបម្រើឱ្យការអប់រំបេតិកភណ្ឌតាមរយៈការបណ្តុះបណ្តាលសិស្សនៅវិទ្យាល័យនៅស្រះស្រង់ឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ស្រាវជ្រាវមរតកបេតិកភណ្ឌក្នុងតំបន់ឱ្យបានប្រសើរបន្តពីមនុស្សចាស់។
លោក ខាន់ សារ៉ន តំណាងសណ្ឋាគារឡាក់គីអង្គរ ដែលបានចូលរួមក្នុងទិវាដាំកូនឈើនេះ បានសម្តែងនូវការចាប់អារម្មណ៍ថា វាការសង្គមដែលយើងត្រូវចូលរួមទាំងអស់គ្នាដាំដើមឈើ ព្រោះវាបានទាំងការពារបរិស្ថានផង ជាការចែករំលែកគំរូល្អដល់សង្គមផង និងជួយលើកតម្លៃទេសចរណ៍ផង៕