ខ្មែរប៉ុស្ដិ៍ Close

ញត្តិគាំទ្រពីគ្រប់មជ្ឈដ្ឋាន៖ សក្ខីភាពនៃមហាសាមគ្គីជាតិខ្មែរដើម្បីការពារមាតុភូមិកម្ពុជា

ដោយ៖សូ សែនឬទ្ធា | 6 ម៉ោងមុន ទស្សនៈ - នយោបាយ 36
ញត្តិគាំទ្រពីគ្រប់មជ្ឈដ្ឋាន៖ សក្ខីភាពនៃមហាសាមគ្គីជាតិខ្មែរដើម្បីការពារមាតុភូមិកម្ពុជា ញត្តិគាំទ្រពីគ្រប់មជ្ឈដ្ឋាន៖ សក្ខីភាពនៃមហាសាមគ្គីជាតិខ្មែរដើម្បីការពារមាតុភូមិកម្ពុជា

ក្នុងពេលដែលជាតិ និងមាតុភូមិកម្ពុជាកំពុងប្រឈមនឹងបញ្ហាដ៏សំខាន់មួយពាក់ព័ន្ធនឹងការទាមទារ​ដែន​សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ប្រជាជាតិខ្មែរទាំងមូលបាននិងកំពុងបង្ហាញនូវស្មារតីរួបរួម​គ្នាយ៉ាង​រឹង​មាំ ក្រោមទង់ជាតិតែមួយ ព្រះមហាក្សត្រតែមួយ និងមាតុភូមិតែមួយ។ ការរួបរួមនេះត្រូវបានឆ្លុះបញ្ចាំង​តាម​រយៈ​ការញត្តិគាំទ្រ​យ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា​ជាតិ​ស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២  ដើម្បីដោះស្រាយវិវាទតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។

ការសម្រេចចិត្តនេះ មិនមែនជាជំហាននៃការប្រឈមមុខ ឬការបង្កជម្លោះនោះទេ ប៉ុន្តែជាការជ្រើសរើស​ផ្លូវសន្តិភាព ផ្លូវច្បាប់ និងផ្លូវការទូត ដើម្បីការពារសិទ្ធិ អធិបតេយ្យភាព និងផលប្រយោជន៍​ស្របច្បាប់​របស់​ជាតិ។ វាបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទ​ដោយ​សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់ ឬការគំរាមប្រើប្រាស់កម្លាំង។

អ្វីដែលគួរឱ្យមោទនភាពជាងនេះ គឺស្ថាប័នកំពូលៗរបស់ជាតិ រួមមាន ព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រមទាំងស្ថាប័នរដ្ឋ អង្គការសង្គម សមាគម វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ និងប្រជា​ពល​រដ្ឋ​គ្រប់ស្រទាប់វណ្ណៈ បានចេញសេចក្តីថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់។ ការគាំទ្រទាំងនេះបាន​ឆ្លុះ​បញ្ចាំងពីការជឿជាក់លើជំហររបស់រាជរដ្ឋាភិបាល និងការយល់ឃើញរួមថា ការប្រើប្រាស់យន្តការច្បាប់​អន្តរជាតិ គឺជាមធ្យោបាយដ៏ត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ចំពោះអនាគតជាតិ។

ការរួបរួមគ្នារបស់ស្ថាប័នជាតិ និងកម្លាំងស្នេហាជាតិគ្រប់មជ្ឈដ្ឋាន បានផ្ញើសារយ៉ាងច្បាស់​ទៅកាន់​សហគ​មន៍​អន្តរជាតិថា កម្ពុជាមិនមែនកំពុងឈរត្រឹមតែជារដ្ឋាភិបាលមួយប៉ុណ្ណោះទេ ប៉ុន្តែកំពុងឈរក្នុង​នាម​ជា​ប្រជាជាតិខ្មែរទាំងមូល។ នៅពេលដែលបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ត្រូវបានលើកឡើង គេឃើញយ៉ាងច្បាស់នូវស្មារតីរួបរួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិន​ប្រកាន់និន្នាការនយោបាយ មិនប្រកាន់ភាពខុសគ្នា និងមិនបែងចែកក្រុមណាមួយឡើយ ព្រោះគ្មាន​អ្វី​អាច​ស្ថិតនៅលើសឧត្តមប្រយោជន៍របស់ជាតិ និងមាតុភូមិបាននោះទេ។

ប្រវត្តិសាស្ត្របានបង្ហាញជាច្រើនលើកច្រើនសារហើយថា កម្លាំងដ៏ធំបំផុតរបស់ជាតិខ្មែរ មិនមែនស្ថិត​នៅលើ​អាវុធ ឬទ្រព្យសម្បត្តិនោះទេ ប៉ុន្តែស្ថិតនៅលើការសាមគ្គីភាពជាធ្លុងមួយ​របស់ប្រជាជន​ខ្មែរទៅ​វិញ​ទេ។ គ្រប់ដំណាក់​កាល​ដែល​កម្ពុជា​អាចការពារឯករាជ្យភាព អធិបតេយ្យភាព និងអត្តសញ្ញាណជាតិបាន គឺដោយសារកម្លាំងនៃការរួបរួមជាតិ។ ផ្ទុយទៅវិញ រាល់ពេលដែលជាតិធ្លាក់ចូលក្នុងភាពបែកបាក់ នោះ​ហើយ​ជាពេលដែលផលប្រយោជន៍ជាតិរងការគំរាមកំហែង។

ដូច្នេះ ក្នុងពេលវេលាដ៏សំខាន់នេះ ការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល មិនមែនជាការគាំទ្រ​បុគ្គល ឬគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែជាការគាំទ្រចំពោះគោលការណ៍ការពារជាតិ ការពារ​ទឹកដី និងការពារផលប្រយោជន៍រួមរបស់ប្រជាជាតិខ្មែរ។ វាគឺជាការបង្ហាញថា ខ្មែរគ្រប់រូប ទោះរស់នៅក្នុង ឬក្រៅប្រទេសក្តី អាចរួមគ្នាក្រោមគោលដៅតែមួយ គឺការពារជាតិមាតុភូមិ និងធានាឱ្យកូនចៅជំនាន់​ក្រោយទទួលបាននូវមរតកជាតិដ៏ពិសិដ្ឋនេះដោយគង់វង្ស។

ថ្ងៃនេះ យើងអាចមានទស្សនៈខុសគ្នាលើបញ្ហាជាច្រើន ប៉ុន្តែយើងមានចំណុចរួមតែមួយ​ដែលមិនអាច​បំបែក​បាន គឺក្តីស្រឡាញ់ចំពោះកម្ពុជា និងការប្តេជ្ញាចិត្តការពារអធិបតេយ្យភាពជាតិរបស់យើង​ទាំង​អស់​គ្នា។
 
ខ្មែរតែមួយ បេះដូងតែមួយ ឆន្ទៈតែមួយ​ !!!
 
រួមគ្នាការពារអធិបតេយ្យភាពជាតិ រួមគ្នាការពារមាតុភូមិកម្ពុជា និងរួមគ្នាថែរក្សាកេរដំណែលដ៏ពិសិដ្ឋនេះ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់តទៅមុខ

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង