ការញុះញង់ពលរដ្ឋមិនឱ្យចូលរួមអបអរសប្បាយក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មីត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ !
ការញុះញង់ពលរដ្ឋមិនឱ្យចូលរួមអបអរសប្បាយក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មីត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ !
ការប្រារព្ធពិធីបុណ្យនគរសង្ក្រាន្តដើម្បីទទួលអំណរសារទរទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ រយ:ពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅដោយរលូននៅទូទាំងប្រទេស។ សូរសំឡេងនៃការប្រគុំតន្ត្រី ក៏ដូចជាចង្វាក់រាំប្រពៃណីខ្មែរ រួមជាមួយភាពសប្បាយរីករាយរបស់យុវជន យុវនារី និងប្រជាពលរដ្ឋបានកើតឡើងនៅគ្រប់មជ្ឈដ្ឋាន ទាំងទីប្រជុំជន ទាំងនៅទីក្រុងនិងបណ្តារមណីយដ្ឋាននានា។ របាយការណ៍ពីក្រសួងទេសចរណ៍បានរំលេចនូវចំនួនមហាជនខ្មែរសរុបប្រមាណ២១លាននាក់ ធ្វើដំណើរកំសាន្តក្នុងប្រទេស ក៏ដូចជាការជួបជុំគ្នា លេងល្បែងប្រជាប្រិយ បោះអង្គុញ ចោលឈូង លាក់កន្សែង។ល។និង។ល។ និងបានរាំលេងកម្សាន្តយ៉ាងរីករាយក្នុងស្មារតីសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំបំផុត។
ទិដ្ឋភាពប្រជាពលរដ្ឋចូលរួមដ៏ច្រើនកុះករ និងភាពអធិកអធមនៃកម្មវិធី «នគរសង្ក្រាន្ត» ឆ្នាំនេះ គឺជាចម្លើយដ៏មានឥទ្ធិពលបំផុតដែលបានវាយបកទៅលើគ្រប់មនោគមវិជ្ជាអគតិទាំងឡាយដែលរិះគន់វាយប្រហារនិងមានបំណងបំផ្លាញចោលការជួបជុំគ្នាចូលឆ្នាំថ្មីក្នុងឆ្នាំនេះ។ ប៉ុន្តែ ផែនការរបស់ពួកគេបានទទួលនូវភាពបរាជ័យ។ ទោះបីជាកន្លងមក មានការប៉ុនប៉ងបញ្ចេញសារញុះញង់ និងការឃោសនាអកុសលពីសំណាក់ក្រុមប្រឆាំង ដើម្បីរារាំងមិនឱ្យពលរដ្ឋចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងណាក្តី ក៏ផែនការទុច្ចរិតទាំងនោះត្រូវបានរលាយសាបសូន្យដូចអំបិលត្រូវទឹក។
វត្តមានយ៉ាងកុះកររបស់ប្រជាពលរដ្ឋគ្រប់ទិសទី បានក្លាយជាភស្តុតាងដែលមិនអាចប្រកែកបានថា ជនរួមជាតិខ្មែរលែងជឿតាមការឃោសនាភូតភរ ដែលមានបំណងបំផ្លាញបរិយាកាសសប្បាយរីករាយរបស់ជាតិទៀតហើយ។ ខណៈដែលក្រុមប្រឆាំងព្យាយាមប្រើប្រាស់បណ្តាញសង្គមដើម្បីសាបព្រួសការរើសអើងនិងការភ័យខ្លាច ពលរដ្ឋខ្មែរគ្រប់រូបបានឆ្លើយតបវិញដោយការចេញមកអបអរសាទរយ៉ាងហូរហែរ។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងដើរលើវិថីដ៏ត្រឹមត្រូវក្រោមដំបូលនៃសន្តិភាព ដែលអនុញ្ញាតឱ្យគ្រប់គ្នាមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិបត្តិតាមទំនៀមទំលាប់ប្រពៃណី និងវប្បធម៌ជាតិដែលមានតាំងពីបុរាណរៀងមក និងការដើរកម្សាន្តសប្បាយដែលជាការលើកស្ទួយតម្លៃវប្បធម៌ដូនតាយើង។
ភស្តុតាងជាក់ស្តែងនៃតួរលេខចំនួនភ្ញៀវទេសចរទាំងជាតិ និងជនបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃកន្លងមកនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ក្រឡែតដែលបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនក្នុងការរក្សាចលនាសង្គម។ ការចេញមកលេងកម្សាន្តយ៉ាងកុះករនេះ មិនមែនមានន័យថាប្រជាជនខ្មែរបំភ្លេចឬមិនខ្វល់ខ្វាយពីបញ្ហាព្រំដែននោះទេ ប៉ុន្តែវាបង្ហាញថាពួកគេមានភាពវៃឆ្លាត យល់ច្បាស់ពីតម្រូវការក្នុងការរក្សាស្ថិរភាពជាតិ និងមិនអនុញ្ញាតឱ្យស្ថានការណ៍តានតឹងណាមួយមកបង្អាក់សរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសឡើយ។
លើសពីនេះ កម្មវិធីនគរសង្ក្រាន្ត ក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពនិងភាពធន់របស់ប្រជាជនកម្ពុជា ដែលអាចពួតដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមដោយមិនបាក់ទឹកចិត្ត។ ផ្ទុយទៅវិញ ការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍សប្បាយរីករាយដើម្បីបង្វែរដានមហាជនពីរឿងព្រំដែន គឺជាការលើកឡើងដែលគ្មានមូលដ្ឋាន និងមិនឆ្លុះបញ្ចាំងពីតថភាពពិតទាល់តែសោះ។ ក្នុងន័យនេះ ការបង្អាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមអបអរសាទរពិធីបុណ្យជាតិក្រោមលេសបញ្ហាព្រំដែន មិនមែនជាទង្វើត្រឹមត្រូវ ឬជាការសម្តែងមនោសញ្ចេតនាស្រឡាញ់ជាតិពិតប្រាកដឡើយ ប៉ុន្តែ វាគឺជាការប៉ុនប៉ងទាញយកផលចំណេញផ្នែកនយោបាយ ដោយប្រើប្រាស់មនោសញ្ចេតនាជាតិនិយមជ្រុលមកធ្វើជាឈ្នាន់ ដើម្បីបង្កឱ្យមានភាពរកាំរកូសក្នុងសង្គមតែប៉ុណ្ណោះ។
ជាការពិតណាស់ ក្នុងសង្គមមួយ ទោះបីជាមានវិបត្តិ ឬបញ្ហាប្រឈមអ្វីមួយកើតឡើងក៏ដោយ ក៏គេមិនអាចបញ្ឈប់សកម្មភាពនានាទាំងស្រុងបានដែរ។ ចរន្តសេដ្ឋកិច្ច សង្គមនិងវប្បធម៌ត្រូវតែបន្តដំណើរការទៅមុខជាធម្មតា ដើម្បីធានាថាស្ថិរភាពសង្គមមិនធ្លាក់ក្នុងភាពជ្រួលច្របល់។ ការរក្សាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅ គឺជាគ្រឹះដ៏សំខាន់ក្នុងការផ្ដល់កម្លាំងចិត្ត និងធនធានដល់ជាតិដើម្បីដោះស្រាយបញ្ហាធំៗដែលកំពុងប្រឈម ប្រកបដោយភាពហ្មត់ចត់និងម្ចាស់ការ។
ជារួម ការចូលរួមយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋនេះ គឺជាសារដាស់តឿនឱ្យភ្លឺភ្នែកដល់ក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលតែងតែមានចេតនាបន្ទុចបង្អាក់ និងរារាំងការរីកចម្រើនរបស់ជាតិ។ ការណ៍នេះបានសបញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរមិនបានផ្តល់តម្លៃសូម្បីតែបន្តិច ចំពោះគំនិតប្រឆាំងបែបបំផ្លិចបំផ្លាញ និងអគតិឡើយ។ ផ្ទុយទៅវិញ ពួកគេយល់ស្របយ៉ាងពេញទំហឹងជាមួយការដឹកនាំ និងការបកស្រាយរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យជាតិឱ្យកាន់តែអធិកអធម ដើម្បីលើកកម្ពស់មោទនភាពជាតិ និងសុភមង្គលរបស់ប្រជាជនគ្រប់រូប។
លើសពីការសប្បាយ នគរសង្ក្រាន្តឆ្នាំនេះបានបង្ហាញពីភាពរឹងមាំនៃខឿនសន្តិសុខជាតិ និងទំនុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព និងការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង បានធ្វើឱ្យការញុះញង់ទាំងឡាយក្លាយជាមេរោគដែលគ្មានកន្លែងជ្រក។ បរាជ័យរបស់ក្រុមប្រឆាំងក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មីនេះ គឺជាសញ្ញាព្រមានមួយថា រាល់ការប៉ុនប៉ងរំខានដល់ក្តីសុខរបស់ប្រជាជន នឹងត្រូវទទួលនូវលទ្ធផលដដែលៗគឺ «ភាពឯកោនិងការបដិសេធពីមហាជន»។
ការផ្សារភ្ជាប់ស្មារតីជាតិ និងតថភាពសង្គមនាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពបរាជ័យនៃមនោគមវិជ្ជាបំបែកបំបាក់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសយ៉ាងពិតប្រាកដ។ ទីបំផុត យុទ្ធនាការដែលក្រុមអគតិព្យាយាមជំរុញឱ្យពលរដ្ឋធ្វើពហិការមិនចូលរួមកម្មវិធីសង្ក្រាន្ត បានប្រែទៅជាបរាជ័យយ៉ាងធ្ងន់ធ្ងរ។ សារញុះញង់ពលរដ្ឋមិនឱ្យចូលរួមអបអរសប្បាយក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មីនេះរបស់ក្រុមប្រឆាំង ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់នៅចំពោះមុខសន្ទុះនៃទឹកចិត្តមហាគ្រួសារខ្មែរដែលស្រឡាញ់សន្តិភាព និងការថែរក្សាវប្បធម៌របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ លទ្ធផលនៃរលកមហាជនចូលរួមសប្បាយរីករាយ និងការធ្វើបុណ្យទានតាមប្រពៃណីនៅទីវត្តមអារាមនានា បានបង្ហាញឱ្យក្រុមប្រឆាំងភ្លឺភ្នែកថា គ្មានកម្លាំងណាមកបំបែកបំបាក់សាមគ្គីភាពដ៏រឹងមាំរបស់ពលរដ្ឋជាមួយរាជរដ្ឋាភិបាល ឬបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋបានឡើយ៕
ដោយ៖ ឌី វីរៈ




