ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស ជំរុញឱ្យមន្ត្រីក្រសួងត្រូវបង្កើនសកម្មភាពការងារឱ្យកាន់តែបុរេសកម្ម ដើម្បីទប់ទល់ជាមួយស្ថានភាពនយោបាយពិភពលោកដែលប្រែប្រួលលឿន
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស ជំរុញឱ្យមន្ត្រីក្រសួងត្រូវបង្កើនសកម្មភាពការងារឱ្យកាន់តែបុរេសកម្ម ដើម្បីទប់ទល់ជាមួយស្ថានភាពនយោបាយពិភពលោកដែលប្រែប្រួលលឿន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ពិភពលោកបានកំពុងប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ ហួសពីការស្មាន ហើយការប្រកួតប្រជែងរវាងមហាអំណាចធំៗ ក៏បានដាក់សម្ពាធយ៉ាងខ្លាំងដល់ការធ្វើសេចក្តីសម្រេច ការជ្រើសរើស ការប្រកាន់ជំហរនយោបាយ ដែលពេលខ្លះនាំឱ្យផលប្រយោជន៍ជាតិកម្ពុជា ត្រូវរងហានិភ័យខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងដូចនេះនៅ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
នាឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងបន្តថា ប្រទេសជាតិយើងក៏កំពុងរងគ្រោះដោយការឈ្លានពាន ការទន្ទ្រានទឹកដី ការបង្ខូចកេរ្តិ៍ឈ្មោះពីអ្នកជិតខាង ដែលប្រើប្រៀបយោធា និងសេដ្ឋកិច្ចមកសង្កត់យើង ហើយពេលនេះជាងពេលណាៗទាំងអស់ ដែលអ្នកការទូតត្រូវខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ជាពិសេសកម្លាំងបញ្ញា ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍ជាតិ និងប្រជាជនយើង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងបញ្ជាក់ថា ដើម្បីទប់ទល់ដោះស្រាយនូវសភាពការណ៍មិនធម្មតា ត្រូវការរកផ្លូវ រកវិធី និងការប្រកាន់ឥរិយាបទការងារមិនធម្មតាដែរ ពីព្រោះពេលនេះមិនមែនជាពេលដែលយើងដើរធម្មតាបាននោះទេ។ ឯកឧត្តមបន្តថា រាល់ពេលដែលចាំបាច់ ត្រូវងាកចេញពីគន្លងការងារចាស់ ត្រូវចេះគិតអោយទៅហួសពីគន្លងការងារចាស់ ត្រូវធ្វើការតាមរបៀបបុរេសកម្មឱ្យកាន់តែមានសកម្មប្រកបដោយប្រសិទ្ធភាព ដល់ប្រយោជន៍ជាតិ និងប្រជាជន ដែលនាំមកគំនិតការទូត និងគំនិតថ្មីៗ និងការឯកភាពគ្នាដ៏រឹងមាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងឆន្ទៈ និងការប្តេជ្ញាកាន់តែខ្លាំងក្លាថែមទៀត សម្រាប់ជោគជ័យបេសកកម្មបម្រើការពារជាតិរបស់យើងទាំងអស់គ្នា៕




