មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ កងទ័ពត្រូវចូលរួមផ្សាយព័ត៌មានពិតលើបណ្តាញសង្គម ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ កងទ័ពត្រូវចូលរួមផ្សាយព័ត៌មានពិតលើបណ្តាញសង្គម ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ
ឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា កងទ័ពទាំងអស់ត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានដែលបង្កើតឡើងដោយ AI ព័ត៌មានបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ព តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមរួមមាន៖ Youtube,Facebook Tik Tok, Telegram ជាដើម ពីព្រោះក្រុមប្រឆាំងប្រើប្រាស់ដើម្បីបំផ្លាញសន្តិសុខកម្ពុជា ខណៈភាគីថៃតែងតែតាមដានរាល់សកម្មភាពរបស់កងទ័ពយើងជានិច្ច និងយកព័ត៌មានទាំងនោះមកវាយប្រហារយើងវិញ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងដូចនេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ និងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
នាឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ផែនការអប់រំចិត្តសាស្ត្រឆ្នាំ២០២៦ គឺបន្តអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា
ដែលមានបាវវចនាចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា», ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺបានផ្ដោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាពិសេសភារកិច្ចការពារពង្រឹងបូរណភាពទឹកដី ដោយមិនត្រូវមើលស្រាលស្ថានការណ៍ដរាបណាថៃ នៅបន្តប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០។ គ្រប់បណ្តាអង្គភាពត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារប្រជាជន និងបូរណភាពទឹកដី៕
ប្រភព៖ Fresh News




