ខ្មែរប៉ុស្ដិ៍ Close

បទឈប់បាញ់ភ្លាមៗនៅនឹងកន្លែង ៖ មាគ៌ាសន្តិភាពដែលអាចការពារបានទាំងជីវិត និងអធិបតេយ្យភាពជាតិ

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 1115
បទឈប់បាញ់ភ្លាមៗនៅនឹងកន្លែង ៖ មាគ៌ាសន្តិភាពដែលអាចការពារបានទាំងជីវិត និងអធិបតេយ្យភាពជាតិ បទឈប់បាញ់ភ្លាមៗនៅនឹងកន្លែង ៖ មាគ៌ាសន្តិភាពដែលអាចការពារបានទាំងជីវិត និងអធិបតេយ្យភាពជាតិ

 

កម្ពុជាជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាម អំពើហិង្សា និងវិបត្តិនយោបាយសង្គមយ៉ាងឆ្អែត ឆ្អន់អស់ជាច្រើនសតវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានបំផ្លាញ ទាំង ជីវិតមនុស្ស ទ្រព្យសម្បត្តិ ជំនឿសាសនានិងសង្គមយ៉ាងធ្ងន់ធ្ងរ។ បទពិសោធន៍ដ៏ឈឺចាប់នេះ បានធ្វើឱ្យកម្ពុជាមានការយល់ដឹងច្បាស់ថា «សន្តិភាព» មិនមែនជាពាក្យដែល និយាយតាមតែ អារម្មណ៍នោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំសម្រាប់អភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជាទាំងមូល។

 

ក្នុងបរិបទនៃភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ការសម្រេចអនុវត្តបាននូវ«បទឈប់បាញ់ ភ្លាមៗនៅនឹងកន្លែង» ចាប់តាំងពីម៉ោង ១២:០០ ថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានគេមើល ឃើញថា ជាជំហាននយោបាយដ៏លំបាកនិងស្មុគស្មាញបំផុត ប៉ុន្តែជាការចាំបាច់ដើម្បីទប់ស្កាត់ ការបង្ហូរឈាមបន្ថែម និងបើកផ្លូវទៅរកដំណោះស្រាយមួយដោយសន្តិវិធី ដើម្បីបញ្ចៀសនូវការ ខូចខាតដល់អាយុជីវិតនិងទ្រព្យសម្បត្តិជាតិកាន់តែធ្ងន់ធ្ងរជាងនេះនោះគឺរដ្ឋាភិបាលកម្ពុជាត្រូវតែចាប់យកជម្រើបទឈប់បាញ់ភ្លាមៗនៅនឹងកន្លែងនេះ តែប៉ុណ្ណោះទើបអាចស្តារនូវសន្តិភាពបាន។

 

ការអនុវត្តបទឈប់បាញ់នេះ មិនមែនជាការចុះចាញ់ឬការលះបង់អធិបតេយ្យភាពជាតិឡើយ ប៉ុន្តែ ជាការបង្ហាញថា កម្ពុជាជ្រើសរើសយកជីវិតមនុស្ស និងសុខសន្តិភាពជាតិ ជាលំដាប់អាទិភាព ខ្ពស់ជាងអ្វីៗទាំងអស់។ ខណៈពេលដែលសណ្តាប់ធ្នាប់នយោបាយ និងការគោរពច្បាប់អន្តរជាតិ មិនមានភាពប្រាកដប្រជាច្បាស់លាស់ ជាពិសេសអង្គការសហប្រជាជាតិហាក់ មិនសូវមាន សកម្ម ភាព និងបានបាត់បង់ឥទ្ធិពលក្នុងការចូលរួមដោះស្រាយវិបត្តិដែលចេះតែកើនឡើងជាលំដាប់នៅជុំវិញពិភពលោកនេះផង ។

 

នៅក្នុងសេចក្តីប្រកាសរួម GBC បានបញ្ជាក់ច្បាស់ហើយថា ការរក្សាទីតាំងកងកម្លាំងនៅ ម៉ោង ចាប់ផ្តើមបទឈប់បាញ់ មិនមានន័យថា ជាការទទួលស្គាល់ព្រំដែនថ្មីនោះទេ។ ព្រំដែននៅ តែត្រូវ បាន កំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សា សិទ្ធិ ពេញ លេ ញ ក្នុងការដោះស្រាយបញ្ហានេះតាមយន្តការទ្វេភាគី និងច្បាប់អន្តរជាតិដដែល។ នេះអាច និយាយ បាន ថា កម្ពុជាអាចការពារបានទាំង «សន្តិភាពបច្ចុប្បន្ន» និង«សិទ្ធិនាពេលអនាគត» ក្នុង ពេលតែ មួយ បាន។

 

មូលហេតុសំខាន់បំផុតនៃការជ្រើសរើសយកបទឈប់បាញ់ គឺមិនមែនជាបញ្ហាយោធា ប៉ុន្តែ ជាបញ្ហា មនុស្សធម៌ទៅវិញទេ។ ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កុមាររាប់ពាន់នាក់មិនអាច ទៅ សាលារៀនបាន និងគ្រួសារកងទ័ពរាប់ពាន់គ្រួសាររស់ក្នុងភាព ព្រួយបារម្ភនិងការ ទន្ទឹងរង់ចាំ សាច់ ញាតិរបស់ខ្លួនដែលជាវីរកងទ័ពជួរមុខរបស់យើង។ 

 

ក្នុងន័យនេះ បទឈប់បាញ់ គឺជាវិធានការការពារប្រជាជន ជាមធ្យោបាយបញ្ឈប់ការបាត់បង់ជីវិត និង បើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងអាចរស់នៅ បាន ក្នុងសេចក្តីថ្លៃថ្នូរ។ វាជាការបង្ហាញថា រដ្ឋាភិបាលមិនត្រឹមតែការពារទឹកដីទេ ប៉ុន្តែអាចការពារ បាន ទាំងអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាបានថែមទៀតផង។

 

ការចូលរួមរបស់អាស៊ាន ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងការគាំទ្រពីដៃគូអន្តរជាតិ បង្ហាញថា បញ្ហាព្រំដែនមិនមែនជាបញ្ហាទ្វេភាគីទៀតនោះទេ ប៉ុន្តែជាបញ្ហាស្ថេរភាព និងសន្តិភាព ក្នុង តំបន់ផងដែរ។ កម្ពុជាបានបង្ហាញនូវភាពទទួលខុសត្រូវក្នុងនាមជាសមាជិកអាស៊ាននិងអន្តរជាតិ ដោយមិនចង់នាំបញ្ហាបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់និងពិភពលោកឲ្យធំជាងនេះទៀតនោះទេ។

 

ការអនុវត្ត «បទឈប់បាញ់ភ្លាមៗនៅនឹងកន្លែង» គឺជាជម្រើសនយោបាយដ៏ឈ្លាសវៃ និងមាន ទំនួល ខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ក្នុងបរិបទជម្លោះដ៏ស្មុគស្មាញនេះ។ នេះសរបញ្ជាក់ឲ្យឃើញ ថាការ សម្រេចចិត្តនេះមិនមែនជាការចុះចាញ់ទេ ប៉ុន្តែជាការជ្រើសរើសយកការការពារជីវិតមនុស្ស កា រ ការ ពារ សន្តិភាព និងសិទ្ធិរបស់ជាតិស្របតាមច្បាប់អន្តរជាតិ។ ជំហាននេះបានបង្ហាញថា កម្ពុជា ជាប្រទេសដែលយល់ដឹងពីតម្លៃសន្តិភាព មានភាពចាស់ទុំផ្នែកនយោបាយ និងមានទស្សន វិស័យ វែងឆ្ងាយក្នុងការកសាងអនាគតប្រទេសជាតិដោយផ្អែកលើគ្រឹះសន្តិភាព ស្ថេរភាព និង ការរួម រស់ ដោយ សហការជាមួយប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។ 

 

ក្នុងពេលដែលពិភព លោកកំពុង មានជម្លោះ ត្រូវបានគេមើលឃើញថា ភាគច្រើនត្រូវបានដោះ ស្រាយ ដោយ ការប្រើកម្លាំង ប្រដាប់ អាវុធ រីឯ ករណីជម្លោះកម្ពុជា-ថៃ អាចផ្តល់ជាមេរៀនមួយថា សន្តិភាពមិនមែនជា ភាពទន់ខ្សោយ នោះ ទេ ប៉ុន្តែគឺជាកម្លាំងនយោបាយមួយសម្រាប់ការពារជាតិ និង អនាគតប្រជាជន នៃប្រទេស ទាំងពីរ៕

 

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង