ថ្នាក់ដឹកនាំនិងមន្ត្រីរាជាការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិថ្កោលទោសចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំនិងមន្ត្រីរាជាការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិថ្កោលទោសចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបាននិងកំពុងឈ្លានពានមកលើ ដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារសំដៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ខ្លឹមសារញត្តិថ្កោលទោស ក៏បានរំលេចផងដែរថា អំពើឈ្លានពានរបស់យោធាថៃដោយការប្រើប្រាស់អាវុធធុនតូចនិងធុនធំ យ៉ាងកម្រោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាស្លូតត្រង់ស្លាប់និងរងរបួសជាច្រើននាក់ ផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានយ៉ាងកម្រោលនិងអមនុស្សធម៌ និងសូមអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនេះ ក៏អំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង់ដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។



