ខ្មែរប៉ុស្ដិ៍ Close

ការបាញ់បំផ្លាញបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិរួមរបស់មនុស្សជាតិ គឺជាទង្វើរំលោភច្បាប់អន្តរជាតិទាំងកំរោលប្រព្រឹត្តដោយយោធាថៃ

ដោយ៖Sreyleak | 5 ម៉ោងមុន ព័ត៌មានទូទៅ 70
ការបាញ់បំផ្លាញបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិរួមរបស់មនុស្សជាតិ គឺជាទង្វើរំលោភច្បាប់អន្តរជាតិទាំងកំរោលប្រព្រឹត្តដោយយោធាថៃ ការបាញ់បំផ្លាញបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិរួមរបស់មនុស្សជាតិ គឺជាទង្វើរំលោភច្បាប់អន្តរជាតិទាំងកំរោលប្រព្រឹត្តដោយយោធាថៃ

 

ការកើតឡើងនៃសង្គ្រាមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ម្ដងទៀត បានបង្ហាញពីភាពរងគ្រោះធ្ងន់ធ្ងរនៅតំបន់ព្រំដែន និងបេតិកភណ្ឌដ៏មានតម្លៃរបស់ពិភពលោក។ កងទ័ពថៃបានបើកការបាញ់ប្រហារចូលមកក្នុងទឹកដីកម្ពុជាជាច្រើនចំណុចនៅតំបន់អានសេះ ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពសម្រាប់មនុស្សជាតិដែលស្ថិតក្រោមការការពាររបស់អង្គការយូណេស្កូ។ ទោះបីកម្ពុជាបានគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ក៏ដោយ ប៉ុន្តែ ថៃនៅតែរំលោភបំពាន ដោយការប្រើប្រាស់អាវុធធុនធ្ងន់បាញ់បំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលកំពុងធ្វើការជួសជុលក្រោមគម្រោងសហប្រតិបត្តិការកម្ពុជា–ឥណ្ឌា និងអន្តរជាតិផ្សេងៗទៀត។

រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការវាយប្រហារនេះគឺជាការបំពានផ្ទាល់លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ថ្ងៃ២៦ខែតុលាឆ្នាំ២០២៥ ដែលមានសាក្សីពីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះបានកំណត់ច្បាស់ពីវិធានមិនប្រើកម្លាំង និងការទទួលខុសត្រូវក្នុងការការពារសន្តិភាពតំបន់។ ការបាញ់ប្រហារចូលក្នុងតំបន់ប្រាសាទព្រះវិហារ គឺពាក់ព័ន្ធទាំងការអភិរក្សសម្បត្តិវប្បធម៌ និងសន្តិសុខសហគមន៍បានក្លាយជាសញ្ញាបង្ហាញពីការមិនគោរពសន្ធិសញ្ញាអន្តរជាតិដែលប្រព្រឹត្តដោយភាគីថៃ។

អនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងអស់ត្រូវគោរពនីតិវិធីសន្តិសុខ និងការការពារបេតិកភណ្ឌទោះស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ។ ករណីបំផ្លាញអគារអភិរក្ស គម្រោងជួសជុល និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅបរិវេណគោបុរៈទី៥ គឺជាភស្តុតាងច្បាស់លាស់នៃការរំលោភអនុសញ្ញាទាំងនេះយ៉ាងច្បាស់ក្រឡែត។

មន្ត្រីជំនាញអភិរក្ស បុគ្គលិកគម្រោង និងប្រជាពលរដ្ឋជាច្រើន ត្រូវបានជម្លៀសទៅតំបន់សុវត្ថិភាព បណ្តាលឱ្យគម្រោងអភិរក្សពហុជាតិសាសន៏រួមគ្នារបស់កម្ពុជា-ឥណ្ឌា-ជប៉ុន-អាមេរិក-ចិន ត្រូវបង្ខំចិត្តផ្អាកជាបណ្ដោះអាសន្ន។ នេះមានន័យថា មិនមែនត្រឹមតែជាការវាយប្រហារលើជនស៊ីវិលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងធ្វើឲ្យបេតិកភណ្ឌរបស់មនុស្សជាតិមួយនេះស្ថិតក្នុងគ្រោះថ្នាក់និងឈានទៅដួលរលំផងដែរ។

តំបន់ព្រះវិហារជាកន្លែងដែលមានជម្លោះប្រវត្តិសាស្ត្រយូរឆ្នាំ រួមមានការប្រកួតប្រជែងយុទ្ធសាស្ត្រ និងអារម្មណ៍ជាតិនិយមពីភាគីថៃ។ ចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ កងទ័ពថៃបានបង្កសកម្មភាពជម្លោះម្តងហើយម្តងទៀតនៅតំបន់នេះ ដោយពួកគេនៅតែចិញ្ចឹមចិត្តចង់បាន និងប្រហែលជាដោយឈរលើទស្សនៈថាប្រសិនបើខ្លួនមិនអាចយកប្រាសាទព្រះវិហារពីកម្ពុជាមកវិញបានទេ គឺពួកគេនិងត្រូវតែកម្ទេចចោលនៅពេលណាមួយជាមិនខាន។ បញ្ហានេះមិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីធម្មតានោះទេ ប៉ុន្តែជាបញ្ហាដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះអន្តរជាតិ និងភាពទំនួលខុសត្រូវរបស់រដ្ឋមួយចំពោះបេតិកភណ្ឌរួមរបស់មនុស្សជាតិនិងពិភពលោក។

ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែធ្នូ ២០២៥ មិនមែនជាសកម្មភាពយោធាធម្មតាទេ នេះគឺជាការបង្ហាញនូវភាគគឃ្លើន មិនខ្លាចញញើតច្បាប់ទម្លាប់អ្វីទាំងអស់ក្នុងលោក និងចង់បញ្ជាក់ថា ថៃមានចេតនាមិនត្រឹមតែចង់បំផ្លាញសន្តិភាព និងគំរាមកំហែងដោយផ្ទាល់លើបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់កម្ទេចប្រទេសកម្ពុជាទាំងមូលតែម្តង សមដូចសម្តីរបស់ អនុទីន ថ្មីៗនេះបាននិយាយថា នឹង«វាយកំទេចកម្ពុជាឱ្យរាបដល់ដី »។ ទោះបីយ៉ាងណា កម្ពុជា មានសិទ្ធិពេញលេញក្នុងការទាមទារការទទួលខុសត្រូវ និងការការពារបេតិកភណ្ឌរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។

ការចូលរួមយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូគឺជាកត្តាចាំបាច់ក្នុងការធានាថា ទីតាំងអភិរក្សដែលជាបេតិកភណ្ឌពិភពលោកមិនត្រូវមានការបំផ្លិចបំផ្លាញ ហើយទឹកដីកម្ពុជាក៏មិនត្រូវទទួលរងអំពើឈ្លានពានពីប្រទេសណាមួយនោះដែរ។ បេតិកភណ្ឌពិភពលោកគឺជាសម្បត្តិរួមរបស់មនុស្សជាតិ ការការពារគឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ