តស់ មកដឹងរឿងចាស់របស់វិរៈស៊ុម ខ្វាឃីត កាលពីឆ្នាំ២០១០
តស់ មកដឹងរឿងចាស់របស់វិរៈស៊ុម ខ្វាឃីត កាលពីឆ្នាំ២០១០៖
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ បុគ្គល វិរៈស៊ុម ខ្វាឃីត ដែលកាលណោះជាប្រធានបណ្តាញអ្នកស្នេហាជាតិថៃ ហើយមានសម្ព័ន្ធភាពជាមួយក្រុមអាវលឿងថៃ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាមួយនឹងបក្ខពួក៦នាក់ផ្សេងទៀតនៅក្នុងទឹកដីកម្ពុជា ខេត្តបន្ទាយមានជ័យ។ តុលាការកម្ពុជា បានកាត់ទោសពួកគេដាក់់ពន្ធនាគារពីបទចារកម្ម និងចូលទឹកដីកម្ពុជាខុសច្បាប់។ បុគ្គល វិរៈស៊ុម ខ្វាឃីត ត្រូវបានដាក់ទោស៨ឆ្នាំ ខណៈបក្ខពួកដាក់ទោសម្នាក់ៗ ៦ឆ្នាំ ប៉ុន្តែ ៦នាក់នោះ ត្រូវបានដោះលែងវិញបន្ទាប់ពីស្ថានទូតថៃ និងមេធាវីរបស់ពួកគេបង់ប្រាក់ធានា។
ការចាប់ខ្លួនបុគ្គល វិរៈស៊ុម ខ្វាឃីត នេះ ដោយសារកាលណោះ ស្របពេលដែលស្ថានភាពព្រំដែនកម្ពុជា និងថៃ កំពុងតានតឹងខ្លាំង ជនព្រហើន វិរៈស៊ុម ខ្វាឃីត បានប្រកាសចូលមកតំបន់ព្រៃចាន់របស់កម្ពុជា បើទោះបីមានការព្រមានពីថ្នាក់ដឹកនាំកម្ពុជាក៏ដោយ។ បញ្ជាដាច់ណាត់ និងដ៏ម៉ឺងម៉ាត់មួយរបស់ប្រមុខដឹកនាំនាពេលនោះ គឺថាបើសិនជនព្រហើនដ៏គឃ្លើននេះ ហ៊ានឈានជើងចូលទឹកដីកម្ពុជា ប៉ូលីសកម្ពុជា ត្រូវចាប់ខ្លួនភ្លាម។ ដូចចិត្តមែន ជនព្រហើន វិរៈស៊ុម ខ្វាឃីត ចូលភ្លាម ប៉ូលីសកម្ពុជាចាប់វាយខ្នោះភ្លាម ហើយបញ្ជូនមកកាត់ទោសនៅភ្នំពេញ និងដាក់គុកព្រៃស។
ក្រោយជាប់គុកបានប្រមាណ៤ឆ្នាំ ដោយសារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំង២បានធូរស្រាល សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានស្នើសុំព្រះមហាក្សត្រប្រទានការលើកលែងទោសដល់ជន វិរៈស៊ុម ខ្វាឃីត ដែលនេះ ក៏ជាថ្នូរជាមួយភាគីថៃក្នុងការយល់ព្រមដោះលែងពលករកម្ពុជាចំនួន១៤នាក់ ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសថៃពីបទប្រើប្រាស់ឯកសារក្លែងក្លាយ ចូលប្រទេសថៃខុសច្បាប់។
វិរៈស៊ុម ខ្វាឃីត ត្រូវបានដោះលែងពីពន្ធនាការព្រៃសកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ក្រោមការប្រទានលើកលែងទោសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕




