ក្រោយពេលទិញយក Instagram ធ្វើឲ្យ Facebook ចំណេញកប់ក្តោង
កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Facebook បានចំណាយ ១ ពាន់លានដុល្លារ ទិញយកបណ្ដាញ Instagram ដែលពេលនោះ Instagram មានបុគ្គលិកបម្រើការសរុបត្រឹម ១៣ នាក់ និងមានចំនួនអ្នកប្រើប្រាស់ ៣០ លាននាក់។
ការសម្រេចទិញនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលព្រោះជាការទិញយកថ្លៃបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ Facebook។ យ៉ាងណាក្ដី ៦ ឆ្នាំក្រោយមក Instagram រីកខ្លាំង បង្ហាញថាលោក Mark Zuckerberg និងក្រុមថ្នាក់ដឹកនាំនៅ Facebook បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ។
កាលពីដើមសប្ដាហ៍ Instagram ប្រកាសថាចំនួនអ្នកប្រើប្រាស់ប្រចាំខែរបស់ខ្លួនបានកើនឡើងដល់ ១ ពាន់លាននាក់ កើនឡើងបាន ២៥% ពី ៨០០ លាននាក់នៅខែកញ្ញា ឆ្នាំ ២០១៧។ រៀងរាល់ថ្ងៃមានមនុស្សជាង ៥០០ លាននាក់ បើកចូល Instagram ដើម្បីមើលរូប និង Stories ដែលបានបង្ហោះចេញទៅ។
ផ្អែកតាមសារព័ត៌មាន Bloomberg បានបង្ហាញការជឿជាក់ថា ចំណូលរបស់ Instagram អាចកើនឡើងតម្លៃដល់ ១០ ពាន់លានដុល្លារនៅឆ្នាំក្រោយ។ ចំនួនអ្នកប្រើប្រាស់កើនឡើងលឿនបែបនេះ គេអាចជឿថា ក្នុងពេល ៥ ឆ្នាំ ចំនួនអ្នកប្រើប្រាស់ Instagram នឹងអាចកើនដល់ ២ ពាន់លាននាក់។
ផ្អែកតាមតួលេខខាងលើនេះចំណូលរបស់ Instagram នឹងអាចកើនឡើងដល់ ១០០ ពាន់លានដុល្លារក្នុងពេល ៥ ឆ្នាំទៀត ដែលច្រើនជាងការចំណាយរបស់ Facebook កាលពី ៦ ឆ្នាំមុនដល់ទៅ ១០០ ដងឯណោះ។
ត្បិតថានេះគ្រាន់តែជាការប៉ាន់ស្មាន ប៉ុន្តែច្បាស់ណាស់ថា Instagram ជាការបណ្ដាក់ទុនដ៏ល្អបំផុតមួយរបស់ Facebook បើប្រៀបនឹង WhatsApp ឬ Oculus ដែល Facebook បានចំណាយ ១៩ ពាន់លានដុល្លារ និង ២ ពាន់លានដុល្លារដើម្បីទិញយក៕