កីឡាករ ៣រូប ដែលត្រៀមមកជំនួស Ronaldo នៅ Real Madrid
Cristiano Ronaldo បានទៅចូលរួមជាមួយ Juventus ក្លាយជាកីឡាករថ្លៃបំផុតមួយក្នុងចំណោម៤នៅលើពិភពលោក។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មានតម្លៃខ្លួន១១២លានអឺរ៉ូ ហើយបានចុះហត្ថលេខាលេងរយៈពេល៤ឆ្នាំជាមួយក្លឹបជើងឯកអ៊ីតាលី។ Ronaldo វ័យ៣៣ឆ្នាំ ឈ្នះ Champions League ៤ដង និង La Liga ២ដងជាមួយ Real Madrid ក្នុងរយៈពេល៩ឆ្នាំ។
ក្រោយបាត់បង់តារាឆ្នើមរបស់ខ្លួន Real Madrid ត្រៀមចាយលុយធំដើម្បីស្វែងរកអ្នកទៅជំនួស។ កីឡាករ៣រូបដែលក្លឹបអាចសម្លឹងឃើញ៖
១. Neymar
Neymar គឺជាជម្រើសឈានមុខ ដែលអាចទៅកាន់ Real Madrid ក្រោយការចាកចេញរបស់ Cristiano Ronaldo។ ខ្សែប្រយុទ្ធប្រេស៊ីលមានពាក្យចចាមអារ៉ាមយូរណាស់ហើយជាមួយ Real ប៉ុន្តែគេមិនចង់ទៅធ្វើស្រមោលរបស់ Ronaldo។ យ៉ាងណាឱកាស Neymar បានមកដល់ហើយពេលនេះ។ ការទៅកាន់ Real Madrid អាចឲ្យគេចាប់ដៃគូជាមួយមិត្តរួមក្រុមជម្រើសជាតិ Marcelo ហើយក្ដីសង្ឃឹមឈ្នះ Ballon d’Or ក៏មានខ្ពស់ជាងនៅ PSGដែរ។
២. Harry Kane
មិនខុសពី Neymar ទេ Harry Kane ក៏ជាគោលដៅរបស់ក្លឹប Santiago Bernabeu យូរណាស់ហើយដែរ។ Kane គឺជាតារាជើងស៊ុត ជាម្ចាស់ស្បែកជើងមាសនៅ Premier League រដូវកាល ២០១៦/១៧ ហើយក៏ជាអ្នកប្រជែងស្បែកជើងមាសជាមួយ Mohamed Salah ដែរកាលពីរដូវកាលមុន។ នៅ World Cup វិញរូបគេបច្ចុប្បន្នជាមួយ Top Scorer រកបាន៦គ្រាប់ ខណៈអង់គ្លេសនៅសល់២ប្រកួតទៀតដែលត្រូវលេង។ Kane គឺជាជម្រើសល្អបំផុតមួយសម្រាប់ជំនួស Ronaldo តែវាអាស្រ័យលើសាមីខ្លួនចង់ចេញពី Premier League ឬអត់ព្រោះកីឡាករអង់គ្លេសសឹង១០០%លេងលីគក្នុងប្រទេសរបស់ខ្លួន។
៣. Eden Hazard
មុនព្រឹត្តិការណ៍ World Cup កីឡាករ Eden Hazard បានបង្ហើបថាអនាគតរបស់ខ្លួននៅ Stamford Bridge មិនទាន់ប្រាកដប្រជានៅឡើយទេ។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំអាចចាកចេញពី Chelsea គ្រប់ពេលហើយ Real Madrid គឺជាជម្រើសដ៏សក្ដិសមរបស់រូបគេ។ ភាពវ័យឆ្លាតលើទីលាន, បច្ចេកទេស, ការបណ្ដើរបាល់ និងបញ្ជូនបាល់ច្បាស់ៗ ពិតជាអាចឲ្យ Hazard សម្របខ្លួនយ៉ាងរហ័សជាមួយក្លឹបយក្សរបស់អេស្ប៉ាញបើសិនជាការផ្ទេរកើតឡើងមែននោះ៕