ខ្មែរប៉ុស្ដិ៍ Close

ប្រយ័ត្ន! ការងូតទឹកយូរពេក អាចបង្កឲ្យមានគ្រោះថ្នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 76
ប្រយ័ត្ន! ការងូតទឹកយូរពេក អាចបង្កឲ្យមានគ្រោះថ្នាក់ ប្រយ័ត្ន! ការងូតទឹកយូរពេក អាចបង្កឲ្យមានគ្រោះថ្នាក់

ជឿ​ថា​ប្រិយមិត្ត​នារី​ជា​ច្រើន​អ្នក​ចូល​ចិត្ត​ងូត​ទឹក​យូរ​ៗ​ដល់​រាប់​ម៉ោង​ក៏​មាន ប៉ុន្តែ​អ្នក​ដែល​ចូល​ចិត្ត​ងូត​ទឹក​យូរ ឬ​ងូត​ទឹក​ញឹកញាប់​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ខ្លះ​ហើយ។ មិន​បាច់​ងូត​​ទឹក​រហ័ស​ពេក ប៉ុន្តែ​ក៏​មិន​គួរ​ងូត​យូរ​លើស​ពី​មួយ​ម៉ោង​ដែរ ដោយ​អ្នក​ជំនាញ​ផ្នែក​រោគ​សើស្បែក​បាន​បង្ហើប​ថា ការ​ងូត​ទឹក​យូរ​ៗ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព​របស់​យើង។

ការ​ងូត​ទឹក និង​លាង​មុខ​ញឹក​ញាប់​ខ្លាំង​ពេក នឹង​ធ្វើ​ឲ្យ​កាន់​តែ​ឆាប់​​មាន​បញ្ហា​​ស្បែក ដោយ​សារ​ស្បែក​របស់​យើង​មាន​ប្រព័ន្ធ​ការពារ​ដែល​ប្រៀប​ដូច​ជា​ថ្នាំ​សម្លាប់​មេរោគ​ស្រាប់​ទៅ​ហើយ​ដើម្បី​ការពារ​ការ​រលាក ឬ​ពងបែក​ផ្សេង​ៗ។ យើង​អាច​មើល​ឃើញ​ច្បាស់​បាន​នៅ​ពេល​មាន​របួស ហើយ​របួស​ក្រៀម ដែល​បង្ហាញ​ថា​រាងកាយ​របស់​យើង​កំពុង​ធ្វើ​ការ​តតាំង​​នឹង​មេរោគ។

ក្រុម​អ្នក​ស្រាវជ្រាវ​​នៅ​សាកលវិទ្យាល័យ Tübingen នៃ​ប្រទេស​អាល្លឺម៉ង់ បាន​រក​ឃើញ​​ថា ញើស​របស់​យើង​មាន​សារធាតុ​ម្យ៉ាង​ដែល​មាន​គុណសម្បត្តិ​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក និង​សម្លាប់​បាក់តេរី​នៅ​លើ​ស្បែក។ យ៉ាង​ណា​មិញ អ្វី​ដែល​ធ្វើ​ឲ្យ​​សារធាតុ​កម្ចាត់​មេរោគ​លើ​ស្បែក​របស់​យើង​​ត្រូវ​បំផ្លាញ​នោះ​គឺ សារធាតុ​​កាត់​ដែល​មាន​​នៅ​ក្នុង​ម្សៅ​សាប៊ូ សាប៊ូ​ដុំ និង​ទឹក​សាប៊ូ​លាង​ចាន​ផ្សេង​ៗ ក្នុង​ករណី​ដែល​​រាងកាយ​យើង​​ប៉ះពាល់​ជាតិ​សាប៊ូ​ទាំង​នេះ​ច្រើន​ពេក ឬ​ក្នុង​រយៈ​ពេល​យូរ។

ដូច្នេះ​ហើយ​សម្រាប់​ការ​ជ្រើសរើស​ប្រើ​សាប៊ូ​ផ្សេង​ៗ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ ប្រសិន​បើ​ប្រើ​រួច​ហើយ វា​មាន​អាការៈ​រមាស់​ នោះ​គួរ​តែ​ប្ដូរ​ចេញ។ ហើយ​សម្រាប់​ការ​ងូត​ទឹក​ដែល​​សមរម្យ​នោះ​គឺ​ត្រឹម​មួយ​ថ្ងៃ​២​ដង ព្រឹក-ល្ងាច គឺ​គ្រប់គ្រាន់​ហើយ ៕