ខ្មែរប៉ុស្ដិ៍ Close

បេប៊ី រំភើបចិត្ត ក្រោយទទួលកាដូពិសេសពីសារ៉ាយ សក្ខណា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 79
បេប៊ី រំភើបចិត្ត ក្រោយទទួលកាដូពិសេសពីសារ៉ាយ សក្ខណា បេប៊ី រំភើបចិត្ត ក្រោយទទួលកាដូពិសេសពីសារ៉ាយ សក្ខណា

បេប៊ី ឬជុំ រចនាពេជ្រ ថ្វីត្បិតតែរយៈពេលនៃការចូលសិល្បៈខុសគ្នាជាមួយនាង សារ៉ាយ សក្ខណា មែន តែពួកគេទាំង២មានការរាប់អានគ្នាយ៉ាងស៊ីជម្រៅ​លើសពីការស្មានទៅទៀតហើយ ដើម្បីបញ្ជាក់ការស្រលាញ់មកលើសិស្សប្អូនបេប៊ី នោះ ថ្មីៗនេះ សក្ខណា បានទិញស្បែកជើងម៉ាកប្រេន ផ្ញើតាមយន្តហោះមកពីអាមេរិក ធ្វើឱ្យនាងរចនាពេជ្ររំភើបនិងសប្បាយចិត្តក្រៃលែង។ ទោះជាយ៉ាងណានោះ មិនមែនជាលើកទី១ឡើយ ដែលនាងបេប៊ី បានទទួលកាដូពីសិស្សច្បងសារ៉ាយ សក្ខណា នោះ ព្រោះរាល់លើកឱ្យតែសក្ខណា មកស្រុកខ្មែរអ្នកទាំង២តែងតែជួបគ្នាញ៉ាំអាហារជាមួយគ្នា ហើយសក្ខណា ច្រើនតែទិញសម្ភារៈមួយចំនួនជូនដល់នាងបេប៊ីទៀតផង។

ក្នុងជំនួបផ្ទាល់បេប៊ី វាចាថា “ស្បែកជើងកវែងនេះ ខ្ញុំបានទទួលពីបងស្រីសារ៉ាយ សក្ខណា គាត់ផ្ញើឱ្យខ្ញុំពីអាមេរិក​ មែន ហើយតាមមើលទៅ ស្បែកជើងហ្នឹង មានតម្លៃប្រហែលត្រឹមជាង ១០០ដុល្លារទេ តែទឹកចិត្តគាត់ខំផ្ញើតាមយន្តហោះមកឱ្យយើងពីអាមេរិក សួរថាខ្ញុំរំភើបយ៉ាងណាទៅ? គឺខ្ញុំរំភើបហ្នឹងសូមអរគុណ ទឹកចិត្តរបស់គាត់ដែលបានស្រលាញ់និងទិញរបស់ឱ្យខ្ញុំ។ ជាការពិតហើយនេះមិនមែនជាលើកទី១នោះទេ ដែលខ្ញុំបានទទួលកាដូពីបងសក្ខណា នោះ គឺច្រើនលើកមកហើយ និយាយទៅ ពេលគាត់មកស្រុកខ្មែរ ខ្ញុំទៅញ៉ាំបាយអីជាមួយគាត់ គឺបើខ្ញុំស្រលាញ់ក្រវិល កងដៃ ចិញ្ចៀន អី គាត់ដោះឱ្យយើងភ្លាមនេះ ជាទឹកចិត្តដ៏ល្អរបស់គាត់ ដែលកម្ររកបានហើយក្នុងចំណោមតារាដែលខ្ញុំស្និទ្ធបំផុត និងមានការាប់អានគ្នាយ៉ាងជិតស្និតនោះ គឺមានតែបងសារ៉ាយ សក្ខណា និងជីជី ហ្នឹងឯង”។

ទោះជាយ៉ាងណា មានការលើកឡើងថា នាងបេប៊ី សាច់សខ្ចីនោះស្និទ្ធជាមួយម្តាយសារ៉ាយ សក្ខណា កាន់តែខ្លាំងជាងសក្ខណា ថែមទៀតផង ហើយកន្លងមកធ្លាប់មានរឿងអាស្រូវថា អ្នកស្រីសម្ផស្ស ត្រូវគេចោទប្រកាន់ថា មានពាក់ព័ន្ធរឿងធ្វើជាម៉ែយែមទាក់ទងតារាស្រីស្អាតៗទៅឱ្យអ្នកធំៗ ហេតុនេះហើយបានជាគេកាន់តែផ្តោតការសង្ស័យកាន់តែច្រើនទៅលើទំនាក់ទំនងរវាងនាងបេប៊ី ជាមួយក្រុមគ្រួសារសារ៉ាយ សក្ខណា បើទោះជាកន្លងមក អ្នកស្រីសម្ផស្ស និងសក្ខណា ធ្លាប់ច្រានចោលទៅនឹងពាក្យចចាមអារ៉ាមទាំងនោះហើយក្តី។

បេប៊ី និយាយមួយៗថា “រឿងគេចោទគាត់ (អ្នកស្រីសម្ផស្ស) នោះមកពីអ្នកទាំងនោះ មិនចូលចិត្តគាត់ អ៊ីចឹងមនុស្សយើងតែគេមិនចូលចិត្តយើងហើយ គ្មានអ្នកណានិយាយល្អពីយើងនោះទេ។ ចំពោះខ្ញុំក៏មិនជឿរឿងទាំងនោះដែរ ខ្ញុំគ្រាន់តែដឹងថា ទាំងសក្ខណា និងម្តាយគាត់ គឺជាមនុស្សល្អណាស់ សម្រាប់ក្រុមគ្រួសារខ្ញុំ ហើយយើងនៅតែរាប់អានគ្នាយូរអង្វែងតទៅទៀត”។

បេប៊ី ជាពិធីការិនីដែលលេចធ្លោគួរសមនៅទូរទស្សន៍ CTN ដោយសារនាងមានការតែងខ្លួនប្លែកៗ បែបជាយុវវ័យគួរឱ្យចាប់អារម្មណ៍ ហើយមួយរយៈចុងក្រោយនេះ ស្រីស្អាតក៏បានបន្ថែមអាជីពមួយទៀតពីលើការធ្វើ MC និងថតសម្តែងនោះ គឺនាងងាកទៅច្រៀងដោយខ្លួនឯង តាមរយៈការផលិត Original Songs សម្រាប់ច្រៀងតាមកម្មវិធី Concert ធំៗ រួមទាំងច្រៀងតាមឆាកតន្ត្រីទូរទស្សន៍ផងដែរ។

ជុំ រចនាពេជ្រ បន្ថែមថា “តាំងពីមានបទចម្រៀងផ្ទាល់ខ្លួនមក ខ្ញុំច្រៀងបទខ្លួនឯងតាមឆាក មិនសូវយកបទគេទៅច្រៀងដូចមុនទៀតទេ។ ខ្ញុំមានក្រុមការងារធ្វើបទចម្រៀង Original Songs ដោយយើងចេញទៀងទាត់តាមពេលវេលា ដែលត្រូវចេញ ហើយក៏មានគម្រោងផលិតជា MV ផងដែរ។ ថ្វីត្បិតតែខ្ញុំក្លាយទៅជាអ្នកចម្រៀងមែន តែខ្ញុំមិនចោលការធ្វើជា MC និងការសម្តែងភាពយន្តនោះទេ គ្រាន់តែថាពេលនេះយើងរវល់ច្រើនទៅលើខាងចម្រៀងនេះ ទើបខ្ញុំផ្អាកថតរឿងមួយអន្លើសិន”។

ទោះជានាងបេប៊ី សរសើរមិនដាច់ពីមាត់នូវទឹកចិត្តរៀមច្បង នាងសារ៉ាយ សក្ខិណា ក្តី តែតារាសាច់សខ្ចីនេះនៅមិនច្បាស់ថា ពេលខាងមុខ នាងត្រូវជ្រើសផ្លូវរកគូស្នេហ៍ឯនាយសមុទ្រ ដូចសក្ខណា ឡើយ ស្របពេលដែលពេលនេះ បេប៊ី មានប្រុសគរជើងតាមសុំស្នេហ៍ ហើយមុននេះ នាងទើបទិញវីឡាប្រណីតតម្លៃជាង២០ម៉ឺនដុល្លារ នៅបឹងស្នោ ដែលធ្វើឱ្យគេសង្ស័យថា នាងមានគូស្នេហ៍នៅក្រោយខ្នង តែស្រីស្អាតប្រកែក៕