ខ្មែរប៉ុស្ដិ៍ Close

នោះ! នីរ័ត្ន ភ្ជាប់ពាក្យស្ងាត់ៗ ជាមួយ អនិកជនខ្មែរអូស្រ្ដាលី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 17
នោះ! នីរ័ត្ន ភ្ជាប់ពាក្យស្ងាត់ៗ ជាមួយ អនិកជនខ្មែរអូស្រ្ដាលី នោះ! នីរ័ត្ន ភ្ជាប់ពាក្យស្ងាត់ៗ ជាមួយ អនិកជនខ្មែរអូស្រ្ដាលី

តារាចម្រៀងផលិតកម្មថោន នាងនីរ័ត្ន ដែលល្បីបទ «វ៉ល់ៗ», «មានក្រគង់ស្លាប់ដូចគ្នា» ជាដើមនោះ បានភ្ជាប់ពាក្យជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ជាមួយអាណិកជនខ្មែរអូស្ត្រាលី ដោយមានតែអ្នកសិល្បៈជិតដិតជាមួយនាងបំផុតប៉ុណ្ណោះបានចូលរួម គឺលោកសុធា ពិសិដ្ឋ ។

តាមរយៈការទៅជួយហែជំនូននីរ័ត្ន នោះ លោកសុធា ពិសិដ្ឋ បានបង្ហាញអារម្មណ៍អបអរសាទរចំពោះថ្ងៃពិសេសរបស់នីរ័ត្ន ថា «រីករាយថ្ងៃពិសេសប្អូន ជូនពរប្អូនមានក្តីសុខ និងសុភមង្គលច្រើនៗ»។

ប្រភពបានឱ្យដឹងថា នីរ័ត្ន បាននៅភ្ជាប់ស្នេហ៍ជាមួយប្រុសអូស្ត្រាលី អំឡុងពេលដែលនាងទៅច្រៀងសម្តែងរយៈពេលជាង១ខែ ជាមួយតារារួមទ្រនំ គឺលោកម៉ៅ ហាជី កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ មុនចូលឆ្នាំខ្មែរហើយ បន្ទាប់ពីស្គាល់អាណិកជនខ្មែរ ម្នាក់នោះមក នីរ័ត្ន និងបុរសនោះមានទំនាក់ទំនងស្នេហាជាមួយគ្នារហូតមក។

នីរ័ត្ន បានដាក់លក្ខខណ្ឌចំពោះបុរសនោះថា «បើបងស្រលាញ់អូន ត្រូវតែចូលស្តីដណ្តឹងរៀបការតាមប្រពៃណីខ្មែរ ទើបអូនយល់ព្រម» ហើយដោយសារស្រលាញ់ម្ចាស់បទ «វ៉ល់ៗ» នេះខ្លាំង ទើបបុរសនោះចង់ឈ្នះអ្នកចម្រៀងថោន រូបនេះ ហើយហោះមកចូលចែចូវស្តីដណ្តឹងតាមប្រពៃណីខ្មែរ រហូតបានសម្រេចដូចបំណងតែម្តង។ ទោះជាយ៉ាងណា ការភ្ជាប់ពាក្យរបស់អ្នកចម្រៀង នីរ័ត្ន នេះ មិនត្រូវបានហៅតារាសិល្បៈរួមអាជីពចូលរួមច្រើនឡើយ គឺមានតែលោកសុធា ពិសិដ្ឋ ម្នាក់ប៉ុណ្ណោះ ដែលទៅហែជំនូនដល់អ្នកចម្រៀងម្នាក់នេះ ព្រោះតាមតារានៅផលិតកម្មថោន បានឱ្យដឹងថា នីរ័ត្ន មិនចង់ឱ្យមានគេដឹងរឿងនាងមានគូដណ្តឹងនោះទេ ព្រោះខ្លាចប៉ះពាល់ដល់អាជីពចម្រៀងរបស់នាង ដែលកំពុងតែមានការប្រកួតប្រជែងគ្នាខ្លាំងនៅថោន នេះ។

គួរបញ្ជាក់ថា ការដែលនីរ័ត្ន ភ្ជាប់ពាក្យជាមួយបណ្តូលចិត្តជាប្រុសមកពីអូស្ត្រាលី នេះធ្វើឱ្យលុបដានពាក្យខ្សឹបខ្សៀវពេញក្នុងចង្កោមអ្នកសិល្បៈ ដែលធ្លាប់លេចឮថា នីរ័ត្ន មានស្នេហាលួចលាក់ជាមួយអ្នកដែលនិពន្ធបទចម្រៀងឱ្យនាងនៅថោន គឺលោកយឹម តាស្រង់ នោះ ព្រោះថាពេលនេះ នីរ័ត្ន មិនមែនភ្ជាប់ពាក្យជាមួយលោកតាស្រង់ នោះទេ គឺបុរសពិសេសក្នុងបេះដូងពិតរបស់នាងនោះគឺជាកន្លង់មកពីអូស្ត្រាលី ដែលបានឆក់បេះដូងនាងទៅបាត់ទៅហើយ។ ប៉ុន្តែយ៉ាងណា នីរ័ត្ន មិនទាន់បញ្ជាក់ថា តើនាងនឹងចូលរោងការជាមួយប្រុសអូស្ត្រាលី នោះនៅពេលណាឡើយ គឺគ្រាន់តែភ្ជាប់ពាក្យទុកសិនប៉ុណ្ណោះ។

គេជឿថា នីរ័ត្ន នឹងចុះទៅលេងនៅប្រទេសអូស្ត្រាលី ដើរកម្សាន្តលេងជាមួយគូដណ្តឹងនាងជាញឹកញាប់ជាមិនខាន ក្រោយពេលដែលពួកគេបានក្លាយទៅជាគូដណ្តឹងគ្នានេះ ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ មុនពេលដែលអ្នកទាំងពីរ ដឹកដៃគ្នាចូលរោងការ ដែលអាចនៅចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ នេះ បើតាមអ្នកចម្រៀងដែលស្និទ្ធនឹង នីរ័ត្ន បានបង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។

នីរ័ត្ន ជាពិធីការិនីវិទ្យុមួយ ឈានចូលច្រៀងនៅផលិតកម្មថោន តាមរយៈការជួយជ្រោមជ្រែងរបស់លោក ករុណា ពេជ្រ ហើយនាងមានការលេចធ្លោមធ្យមក្នុងចំណោមតារាស្រីនៅថោន ខណៈដែលពេលនេះ មាស សុខសោភា នៅតែជាអ្នកចម្រៀងជួរមុខនៅថោន នាងរ៉ាប៊ី ឈរតំណែងបន្ទាប់ពីសោភា។ ការជ្រើសស្នេហ៍ក្រៅស្រុកតាមរយៈការយកប្តីអាណិកជនខ្មែរ នៅអូស្ត្រាលីនេះ ធ្វើឱ្យនាងនីរ័ត្ន ស្ថិតក្នុងចំណោមតារាដែលយកប្តីប្រុសអូស្ត្រាលី មានដូចជា នាងដាញ់ ម៉ូនីកា, អឿន ដាលីស, សុខ ច័ន្ទណានូ ជាដើម។

តារាសិល្បៈមួយចំនួន បង្ហើបឱ្យដឹងថា ការស្រលាញ់ភ្លាម ភ្ជាប់ពាក្យភ្លែតរបស់នាងនីរ័ត្ន ជាមួយប្រុសអូស្ត្រាលី នៅពេលនេះ គឺដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមទាំងឡាយ ដែលថា នាងមានស្នេហាជាមួយអ្នកនិពន្ធ យឹម តាស្រង់ នោះ ត្រឹមឆ្នាំ២០១៨ នេះ៕