តើរបបអាហារនៅជំនាន់គ្មានហូប និងបច្ចុប្បន្នខុសគ្នាដូចម្តេចខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មានអ្នកជំងឺម្នាក់បានត្អូញត្អែរថា នៅជំនាន់ប៉ុល ពត របប ប៉ុល ពត បានហាមមិនឱ្យហូបទៅហើយ តែមកដល់សម័យបច្ចុប្បន្ន ប្រទេសមានសុខសន្តិភាព សំបូរអាហារហូប បែរជាពេទ្យហាមមិនឱ្យហូបទៅទៀត។
សម្តេចធិបតី បានថ្លែងដូចនេះ
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នៅក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសមានសុខសន្តិភាពសំបូរអាហារហូបច្រើន តែការហូបចុកអាហារនីមួយៗ គឺគេត្រូវដឹងពីការកំណត់របបអាហារតម ដើម្បីថែរក្សាសុខភាព ព្រោះបើមានបញ្ហាសុខភាពហើយ វាលែងទៅជាទ្រព្យហើយ វាត្រូវធ្លាក់ទៅជាបន្ទុករបស់សាមីខ្លួននិងគ្រួសារទៅវិញ ដោយត្រូវចំណាយទៅលើថ្នាំសង្កូវ ថែទាំ ព្យាបាល។ ដូចនេះ យើងត្រូវបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា។ សម្ដេចធិបតីបានបន្ថែមទៀតថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ កុំចាំដល់ពេលឈឺ ទើបរត់ទៅរកឪពុកម្តាយ ដូច្នេះវិធីគឺមានតែបង្ការកុំឱ្យឈឺធ្ងន់តែប៉ុណ្ណោះ។ ជាពិសេសការថែរក្សាសុខភាព គឺជាកិច្ចការដែលយើងអាចធ្វើបាន ដោយមានស្មារតីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួម នេះជារឿងសំខាន់ណាស់ ព្រោះជាសុខភាពជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺត្រូវរួមគ្នាការពារទាំងប្រជាជន ទាំងរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលអាចធ្វើបានទាំងអស់គ្នា៕




