ខ្មែរប៉ុស្ដិ៍ Close

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនប្រសិទ្ធភាពរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1894

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសបង្កើនប្រសិទ្ធភាពលើការរឹតបន្តឹងអនុវត្តច្បាប់ស្​តីពីចរាចរណ៍ផ្លូវគោកឆ្នាំ​២០២១​ ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិឱ្យបានជាអតិបរមា។

យោយតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដើម្បីសម្រេចឱ្យបានតាមផែនការ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ សំដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិឱ្យបានជាអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញការណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥ចំណុចគឺ៖

១. នៅតាមភូមិសាស្រ្តរាជធានី ខេត្តនីមួយៗ ត្រូវកំណត់ឱ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលា បង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីពង្រឹងវិធានការក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។២.ត្រូវបន្តធ្វើការត្រួតពិនិត្យរឹតបន្ដឹងប្រភេទបទល្មើសចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ០៧ និងប្រភេទ បទល្មើសចំពោះរថយន្តគ្រប់ប្រភេទចំនួន ០៩ ដូចបានណែនាំអនុវត្តកាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២០។

៣.ត្រូវបង្កើនថែមទៀតក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចំពោះរថយន្តដឹកកម្មកររថយន្តដឹកអ្នកដំណើររថយន្តដឹកដី ឬ ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរត្រឹមត្រូវ រថយន្តមានឯកសារអនុញ្ញាត តាមច្បាប់គ្រប់គ្រាន់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុក ឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់កំណត់ ។

៤.ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដោយត្រូវបន្តស៊ើបអង្កេត និង តាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ និង៥.ត្រូវបង្កើនការអប់រំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទ បំពាក់ជាប់នូវជំហរស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ច។

ជាមួយនេះឯកឧត្តមអគ្គស្នងការបានណែនាំដល់នាយកដ្ឋានជំនាញ និងលោកស្នងការនគរបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីពេលនេះតទៅ៕

អត្ថបទទាក់ទង