Diego Maradona បង្ហើបចង់ធ្វើជាគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីនម្តងទៀត ដោយប្រើពាក្យមួយឃ្លា
វីរបុរសក្រុមពពកសអាហ្សង់ទីនលោក Diego Maradona បានបន្លុយពាក្យថា រូបលោកត្រៀមខ្លួនរួចរាល់ធ្វើជាគ្រូបង្វឹកឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនដោយឥតយកកម្រៃសូម្បីមួយកាក់មួយសេន ។
និយាយក្នុងបទសម្ភាសន៍មួយនៅប៉ុស្តិ៍ទូរទស្សន៍វេណេស៊ុយអេឡា អតីតកីឡាករធ្លាប់សាងភាពរុងរឿងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៥៧ឆ្នាំរូបនេះថា «ខ្ញុំនឹងមិនយកថ្លៃឈ្នួលនឿយហត់ចំពោះការដឹកនាំក្រុមអាហ្សង់ទីននោះទេ» ។
ការលើកឡើងរបស់អតីតកីឡាករដែលមានរហស្សនាមថា ខ្លាកន្តឿរូបនេះកើតឡើងនៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីក្រុមអាហ្សង់ទីនត្រូវខ្ទាតចេញពី World Cup ២០១៨ នៅវគ្គ១៦ក្រុម ។ រូបលោកបន្តថា គ្រប់គ្នាប្រហែលជាគិតថាលោកសប្បាយតែបេះដូងលោកខ្ទេចខ្ទាំអស់ហើយក្រោយក្រុមរបស់យើងធ្លាក់ពី World Cup លឿនជាងការរំពឹងទុកដូច្នេះ ។
អាហ្សង់ទីនគឺជាក្រុមវេទនាជាងគេក្នុងព្រឹត្តិការណ៍World Cup2018 ក្នុងចំណោមក្រុមខ្លាំងៗផ្សេងទៀតដែលធ្លាក់ ដោយប៊ិៈនឹងធ្លាក់នៅវគ្គជម្រុះ៣២ក្រុមទៅហើយក្រោយទទួលលទ្ធផលស្មើ ១-១ ជាមួយអុីស្លង់ និងចាញ់ក្រូអាស៊ី ៣-០ នៅក្នុងការប្រកួតជម្រុះក្នុងពូល ខណៈក្រុមអាល្លឺម៉ង់ (ជើងឯក World Cup ២០១៤) ក្រុមអេស្ប៉ាញ (ជើងឯក World Cup ២០១០ ) និងក្រុមព័រទុយហ្គាល់(ជើងឯកអឺរ៉ុប២០១៦) ក៏ខ្ទាតចេញពីសមរភូមិ World Cup រុស្ស៊ីដូចគ្នា ។
ភ្លាមៗនេះ មិនទាន់មានប្រតិកម្មណាមួយឆ្លើយតបនឹងព័ត៌មាននេះទេ ខណៈកៅអីគ្រូបង្វឹកបច្ចុប្បន្នរបស់លោក Jorge Sampaoli នឹងអស់អាណត្តិនៅឆ្នាំ២០២២ ឯណោះ ។
គួររំលឹកថា Maradona ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិក៏ដូចជាក្លិបផ្សេងៗក្រាស់ក្រែលដែរពោលគឺមានរយៈពេល២៤ឆ្នាំ ក្នុងនោះធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ២០០៨-២០១០, ក្លិប Racing Clubឆ្នាំ១៩៩៥ ក្លិបអារ៉ាប់រួមពីរ Al Wasl (២០១១-២០១២) និង Fujarah (២០១៧-២០១៨) ៕