ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីវិស័យទេសចរណ៍រដ្ឋនិងឯកជនត្រូវរួមសាមគ្គីគ្នា?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 294
ហេតុអ្វីវិស័យទេសចរណ៍រដ្ឋនិងឯកជនត្រូវរួមសាមគ្គីគ្នា? ហេតុអ្វីវិស័យទេសចរណ៍រដ្ឋនិងឯកជនត្រូវរួមសាមគ្គីគ្នា?

 

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍ត្រូវរួមគ្នាគិតថា វិស័យទេសចរណ៍ទាល់តែយើងរួមគ្នា ពោលគឺយើងមិនមែនប្រកួតប្រជែងគ្នាឯងទេ តែគឺយើងប្រកួតជាមួយប្រទេសផ្សេងៗដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្ពុជាកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះបីជាភ្ញៀវទេសចរណ៍មកតាមណាក៏ដោយ ក៏យើងកុំគិតពីក្រេឌីត ប៉ុន្តែយើងត្រូវចែកគ្នាធ្វើ បែងចែកការងារគ្នាឱ្យច្បាស់វិញ ពោលគឺធនធានមនុស្ស និងភារកិច្ចដែលត្រូវធ្វើបូកជាមួយវិស័យទេសចរណ៍។ វិស័យឯកជនក៏ដូចគ្នា ត្រូវធ្វើយ៉ាងណាដើម្បីយើងអាចរៀបចំយន្តការនេះជាសហថាមពល ដែលជាតួអង្គតែមួយ ចិត្តតែមួយ ដោយដាក់ចិត្តរួមគ្នា ស្មោះត្រង់នឹងគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើយើងមិនមានការសហការគ្នាទេ យើងប្រហែលជាមិនអាចជោគជ័យទៅរួចទេ។ ជាក់ស្តែងសក្តានុពលយើងមាន ប៉ុន្តែលទ្ធភាពនិងសមត្ថភាពរបស់យើងនៅមានកម្រិត ពោលគឺយើងត្រូវជួយគ្នាទាំងធនធានថវិកា ធនធានមនុស្ស និងបច្ចេកទេសផ្សេងៗ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យមានការដាក់ចិត្តរួមគ្នា ការទុកចិត្តគ្នា គិតផលប្រយោជន៍រួម ត្រូវចាត់ទុកថាកម្ពុជាជាប្រទេសតែមួយ គោលដៅទេសចរណ៍តែមួយ ដែលត្រូវទាក់ទាញប្រកួតប្រជែងជាមួយប្រទេសផ្សេង៕

អត្ថបទទាក់ទង