ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា នៅរាត្រីឆ្លងឆ្នាំ មនុស្សទៅលេងនៅវិមាន ឈ្នះ-ឈ្នះ ជាង ១លាននាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា នៅរាត្រីឆ្លងឆ្នាំ មនុស្សទៅលេងនៅវិមាន ឈ្នះ-ឈ្នះ ជាង ១លាននាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា នៅរាត្រីឆ្លងឆ្នាំ មនុស្សទៅលេងនៅវិមាន ឈ្នះ-ឈ្នះ ជាង ១លាននាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ថា មានប្រជាពលរដ្ឋជាង ១លាននាក់ បានទៅឆ្លងឆ្នាំ នៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ»។ ផ្ទាំងទស្សនីយភាពនៃការបាច់កាំជ្រួចបែបទំនើប និងមានរយៈពេលរហូតដល់ទៅជាង៥០នាទី រួមនឹងការប្រគំតន្ត្រីផងនោះ បានទាក់ទាញប្រជាពលរដ្ឋខ្មែរ ឱ្យទៅឆ្លងឆ្នាំនៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្វីដែលនាំឱ្យមានការចាប់អារម្មណ៍ និងទាក់ទាញកាន់តែខ្លាំងថែមទៀតនោះក្នុងរាត្រីឆ្លងឆ្នាំដែលជាខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានោះ គឺវត្តមានដ៏កម្ររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងវត្តមានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

វត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា រួមនឹងមន្ត្រីជាន់ខ្ពស់ដទៃទៀត បានញ៉ាំងឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលពោរពេញដោយក្តីសប្បាយរីករាយ។ ក្រៅពីនៅវិមាន «នយោបាយឈ្នះ-ឈ្នះ» នៅមុខព្រះបរមរាជវាំងទាំងត្រើយខាងលិច និងខាងកើតទន្លេ នៅមុខណាហ្គា និងកោះពេជ្រជាដើម ក៏មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាចូលរួមឆ្លងឆ្នាំថ្មីឆ្នាំសកល ២០១៩ ក្រោមបរិយាកាសដ៏សែនសប្បាយរីករាយផងដែរ។

ក្នុងឱកាសចូលរួមពិធីឆ្លងឆ្នាំថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបានរៀបចំពិធីបុណ្យរំលឹកខួប២០ នៃនយោបាយ ឈ្នះ ឈ្នះ ដែលលោកបានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ក្នុងរយៈពេល២០ កន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាទទួលបាននូវសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋល្អប្រសើរ កំណើនសេដ្ឋកិច្ចរីកលូតលាស់ ដែលបានប្រែក្លាយពីប្រទេស ដែលមានប្រាក់ចំណូលទាប មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយនៅឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនិងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ប្រភព៖ Freshnews

អត្ថបទទាក់ទង