តើការផ្សព្វផ្សាយពីភាពវិជ្ជមាននៃវិស័យទេសចរណ៍កម្ពុជាផ្តល់ផលអ្វីខ្លះ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ បុរេសកម្ម និងចាត់វិធានការម៉ឺងម៉ាត់មិនឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់សកម្មភាពខ្មៅងងឹតនោះទេ ប៉ុន្តែអ្វីដែលសំខាន់ បើយើងផ្តោតតែលើរឿងអវិជ្ជមាន នោះវាខ្មៅហើយ។ ជាក់ស្តែងចំណុចវិជ្ជមានយើងមានច្រើនណាស់ ដែលយើងត្រូវជួយផ្សព្វផ្សាយឱ្យច្រើន។ ទោះយ៉ាងណា សម្ដេចបានបន្តថា ទោះបីជាមានការផ្សព្វផ្សាយបង្កើតការយល់ច្រឡំមួយចំនួនក៏ដោយ ប៉ុន្តែទេសចរណ៍របស់យើងសព្វថ្ងៃនេះត្រូវបានអឺរ៉ុប និងអូស្រ្តាលី ចាត់ទុកជាគោលដៅទេសចរណ៍ខ្ពស់ជាងគេលេខ១ សម្រាប់ឆ្នាំ២០២៤ ដែលជាការបង្ហាញថា ប្រទេសរបស់យើងមានសុវត្ថិភាព និងសុខសន្តិភាព។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ប្អូនៗយុវជនអ្នកផលិតមាតិការបណ្តាញសង្គម (Content Creator) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឱ្យខិតខំក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ផ្សេងៗបន្ថែមទៀតដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនដែលជា Influencer យុវជន តារាសម្តែង និងបុគ្គលល្បីៗ ឱ្យជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការផ្សព្វផ្សាយដែលលើកស្ទួយពីកម្ពុជា ដោយកុំផ្តោតទៅលើភាពអវិជ្ជមានច្រើនពេក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥៕




