ការស្ទង់មតិ៖ ប្រទេសហ្វីលីពីន និងថៃបានត្រៀមខ្លួនសម្រាប់កំណើន សេដ្ឋកិច្ចលឿនជាងមុននៅឆ្នាំ២០២២ ខាងមុខនេះ
សេដ្ឋវិទូនានាបានធ្វើការព្យាករណ៍ឡើងវិញអំពីកំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗសម្រាប់ឆ្នាំ ២០២២ ដោយយោងទៅលើការចំណាយទាក់ទងនឹងការបោះឆ្នោតនៅក្នុងប្រទេសហ្វីលីពីន និងការបើកឱ្យដំណើរការឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ។
ប៉ុន្តែជម្ងឺរាតត្បាតកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានលើការពង្រីកសេដ្ឋកិច្ចឱ្យបានពេញលេញ ដោយថ្លឹងថ្លែងទៅលើការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី។ សេដ្ឋវិទូនានាបាន និយាយថា ទស្សនវិស័យនៃការតម្លើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិកនិងការកើនឡើងនៃអតិផរណា ក៏អាចបង្កអស្ថិរភាពដល់ការឈានទៅរកការស្តារសេដ្ឋកិច្ចឡើង វិញនៅក្នុងប្រទេសឥណ្ឌូណេស៊ីនិងឥណ្ឌាផងដែរ។
បើយោងទៅតាមការស្ទង់មតិប្រចាំត្រីមាសមួយនាពេលថ្មីៗនេះដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (Japan Center for Economic Research) និងក្រុមហ៊ុន Nikkei បានរកឃើញថា ផ.ស.ស សម្រាប់ប្រទេសសមាជិកធំបំផុតទាំង ៥ របស់អាស៊ានដែលមានដូចជា ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងថៃ នឹងកើនឡើងក្នុងរង្វង់ ៥,១% នៅឆ្នាំ២០២២ ដែលជាការកើនឡើងចំនួន ០,១%
ពីការស្ទង់មតិកាលពីលើកមុន។
ការស្ទង់មតិនេះបានទទួលការឆ្លើយតបពី សេដ្ឋវិទូនិងអ្នកវិភាគចំនួន ៣៨ រូប ហើយត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូដែលជាអំឡុងពេលនៃការរកឃើញ នូវមេរោគបំប្លែងខ្លួនថ្មី Omicron ដំបូងៗ។
មេរោគបំប្លែងខ្លួនថ្មី Omicron ដែលអ្នកវិទ្យាសាស្ត្រនិយាយថា «អាចចម្លងបានលឿនខ្លាំង» នោះ បានជំរុញឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកកាត់បន្ថយផែនការបើកព្រំដែនឡើងវិញ ខណៈពេលដែលពួកគេវាយតម្លៃអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង កូវីដ-១៩ ដែលមានស្រាប់។
ការព្យាករណ៍កំណើន ផ.ស.ស ឆ្នាំ២០២២ សម្រាប់ប្រទេសហ្វីលីពីនត្រូវបានកែសម្រួលឡើងវិញពី ៦,៦% ទៅ ៧,១% ដែលកាលពីឆ្នាំ ២០២១ ត្រូវបានកែសម្រួលពី ៤,៣% ទៅ ៥,១%។ ការកែសម្រួលនេះគឺដោយសារការថយចុះនៃករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់និងការរំពឹងទុកអំពីកំណើននៃការចាយវាយនៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែឧសភា ឆ្នាំ ២០២២ ខាងមុខ។
លោក Mitzie Irene P. Conchada ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ De La Salle បាន និយាយថា «ខ្ញុំគិតថា អ្វីដែលយើងទន្ទឹងរង់ចាំសម្រាប់ឆ្នាំ ២០២២ ខាងមុខ គឺជាផលល្អដែលបានមកពីការ បោះឆ្នោតជាតិ»។
ការព្យាករណ៍កំណើន ផ.ស.ស របស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២២ ក៏ ត្រូវបានកែសម្រួលឡើងវិញពី ៣,៤% ទៅ ៣,៧% ផងដែរ។ រដ្ឋាភិបាលថៃបានចាប់ផ្តើមបើកទ្វារ ប្រទេសឡើងវិញទទួលភ្ញៀវទេសចរណ៍ អន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច និងពុំតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ កាលពីខែវិច្ឆិកា។
ប្រទេសថៃបានរកឃើញករណីឆ្លង Omicron ជាលើកដំបូងនៅក្នុងប្រទេសខ្លួនកាលពីដើមខែធ្នូនេះ ប៉ុន្តែមិនបានផ្អាកគោលនយោបាយបើកព្រំដែនរបស់ខ្លួនឡើងវិញនោះទេ។
លោក Somprawin Manprasert ប្រធានផ្នែកស្រាវជ្រាវ និងជាប្រធានសេដ្ឋវិទូ នៅធនាគារ Ayudhya បាននិយាយថា «ផលល្អៗ នៃការបើកព្រំដែនឡើងវិញនិងការបន្ធូរបន្ថយការបិទខ្ទប់នឹងលើកទឹកចិត្តដល់សកម្មភាពទេសចរណ៍ និងការចាយវាយនៅក្នុងស្រុក»។
ម៉្យាងវិញទៀតការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានកែសម្រួលឡើងវិញពី ៦,២% មកនៅត្រឹម ៦,០% ដោយសារតែការធ្លាក់ចុះទាបជាង ៤,៥% នៃកំណើនដែលបានរំពឹងទុកនៅក្នុងត្រីមាសទី៣ ពីខែកក្កដាដល់ខែកញ្ញា បន្ទាប់ពីរដ្ឋាភិបាលបានដាក់វិធានការបិទខ្ទប់ដ៏តឹងរ៉ឹងដើម្បីបញ្ឈប់រលកទី៣ នៃកូវីដ-១៩ នៅក្នុងប្រទេស។ ទោះយ៉ាងណាការស្ទង់មតិនេះមិន បានរាប់បញ្ចូលពីផល ប៉ះពាល់ទៅលើសេដ្ឋកិច្ចដោយសារទឹកជំនន់ដែលបានកើតឡើងកាលពីចុងសប្តាហ៍នេះទេដែលបង្ខំឱ្យមនុស្សរាប់ម៉ឺន នាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាន។
សេដ្ឋវិទូនៅតែរំពឹងថា ប្រទេសម៉ាឡេស៊ីនឹងនៅតែមានអត្រាកំណើន ផ.ស.ស ពេញមួយឆ្នាំចំនួន ៣,៣% ដដែលនៅឆ្នាំ ២០២១ ហើយនឹងបន្តស្ទុះឡើងបន្ថែមទៀតនៅឆ្នាំក្រោយ។ លោក Wan Suhaimie bin Wan Mohd Saidie ប្រធានផ្នែកស្រាវជ្រាវ សេដ្ឋកិច្ចនៅធនាគារ Kenanga Investment Bank បាននិយាយថា «យើងរំពឹងថា ស្ថានភាពប្រសើរឡើងនៃកូវីដ-១៩ នៅក្នុងប្រទស, ការបើកដំណើរការពេញលេញឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក, ការងើបឡើងវិញជាបន្តបន្ទាប់នៃតម្រូវការក្រៅស្រុក ព្រមទាំងការគាំទ្រប្រកបដោយនិរន្តរភាពនៃវិធានការ សារពើពន្ធនឹងជំរុញឱ្យមានការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការក្នុងស្រុកនិងកំណើននៃ ផ.ស.ស នៅត្រីមាសចុង ក្រោយនៃឆ្នាំនេះ។ ជាពិសេស សេដ្ឋកិច្ច ម៉ាឡេស៊ីទំនងជានឹង នៅតែត្រូវបានគាំទ្រដោយវិស័យផលិតកម្ម ការបន្តផលិតភាពខ្ពស់ខាងផ្នែកបច្ចេកវិជ្ជា និងទំនិញមានតម្លៃខ្ពស់»។
ការព្យាករណ៍កំណើន ផ.ស.ស របស់ប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០២២ ក៏ត្រូវបានកែសម្រួលឡើងវិញពី ៧,៥% មកនៅត្រឹម ៧,៣% ផងដែរ ដែលជាការធ្លាក់ចុះពីអត្រាដែលបានរំពឹងទុកចំនួន ៩,៥% សម្រាប់ឆ្នាំ ២០២១។ លោក Sonal Varma និង លោក Aurodeep Nandi សេដ្ឋវិទូនៅក្រុមហ៊ុន Nomura Indiaបាន និយាយថា ទស្សនវិស័យនេះគឺមានលក្ខណៈចម្រុះ។ ពួកគេបាននិយាយថា «ការរាំងស្ទះផ្នែកផ្គត់ផ្គង់កំពុងធ្វើឱ្យផលិតកម្មមានការធ្លាក់ចុះ រួមជាមួយនឹងសញ្ញានៃភាពទន់ខ្សោយនៃតម្រូវ ការដុលនៃការប្រើប្រាស់ទំនិញ»។
ការប៉ាន់ប្រមាណពីកំណើន ផ.ស.ស របស់ប្រទេសឥណ្ឌូណេស៊ីនៅតែរក្សាចំនួន ៥.០% ដដែលក្នុងឆ្នាំ២០២២ ពោលគឺកើនឡើងពីការព្យាករណ៍ ៣,៥% នៅឆ្នាំនេះ។ លោក Wisnu Wardana សេដ្ឋវិទូ នៅធនាគារ Bank Danamon Indonesia បាន និយាយថា «ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីនឹងផ្លាស់ប្តូរពីការធ្វើពាណិជ្ជកម្មខាងក្រៅ ទៅជាការបំពេញតម្រូវការក្នុងស្រុកចាប់ពីឆ្នាំ២០២២ តទៅ ដោយសារតែបរិស្ថានវិនិយោគល្អប្រសើរ និងបរិយាកាសនយោបាយមានស្ថិរភាព»។
លោកក៏បានបង្ហាញអំពីក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃការ វិនិយោគផ្ទាល់ពីបរទេស បន្ទាប់ពីច្បាប់ Omnibus ដែលសភាបានអនុម័តកាល ពីឆ្នាំមុនក្នុងគោលបំណងដើម្បីកាត់ បន្ថយឧបសគ្គខាការិយាធិបតេយ្យ
ត្រូវបានអនុម័ត។
ខណៈពេលដែលការរំពឹងទុកសម្រាប់ការងើបឡើងវិញនៃ សេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍មានភាព រឹងមាំនោះការស្ទង់មតិនេះបាន បញ្ជាក់យ៉ាងច្បាស់ថាកូវីដ-១៩ នៅតែជាហានិភ័យដ៏ធំបំផុតនៅផ្នែកជាច្រើននៃតំបន់អាស៊ី។
«ភាពតក់ស្លុតពីជម្ងឺកូវីដ-១៩» ត្រូវបានគេកំណត់ជាហានិភ័យដ៏អាក្រក់បំផុតសម្រាប់ប្រទេសទាំង ៦ នៅក្នុងការស្ទង់មតិមួយកាលពីខែកញ្ញា ហើយវានៅតែជាហានិភ័យដ៏ខ្ពស់បំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងប្រទេសថៃតាមការស្ទង់មតិចុងក្រោយនេះ។
«ភាពតក់ស្លុតនៃជំងឺកូវីដ-១៩» បានធ្លាក់មកនៅកម្រិតទី៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅពីក្រោយគោលនយោបាយរូបិយវត្ថុនិងការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ថ្មីៗនេះ ធនាគារ
កណ្តាលអាមេរិកបានផ្តល់សញ្ញាថា ខ្លួននឹងបញ្ចប់កម្មវិធីទិញទ្រព្យសកម្មរបស់ខ្លួននៅក្នុងខែមីនា ជំនួសឱ្យខែមិថុនាដោយសារតែលទ្ធភាពនៃការបង្កើនអត្រាការប្រាក់ ក្នុងរយៈពេលតិចជាង ៣ ខែ។
លទ្ធភាពនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក អាចដាក់សម្ពាធលើប្រាក់ Rupiah របស់ឥណ្ឌូណេស៊ីតាមរយៈលំហូរចេញនៃមូលធន។ លោក Dendi Ramdani ប្រធានផ្នែកឧស្សាហកម្មនិងស្រាវជ្រាវប្រចាំតំបន់ នៃធនាគារ Bank Mandiri បាននិយាយថា «ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចធ្វើឲ្យលំនឹងខាងក្រៅនៃប្រាក់ Rupiah មានអស្ថិរភាព»។
សេដ្ឋវិទូនានាបាន ព្យាករណ៍ថា ប្រទេសឥណ្ឌា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីន នឹងចាប់ផ្តើមដំឡើងអត្រាការប្រាក់នៅឆ្នាំ ២០២២។
នៅក្នុងប្រទេសឥណ្ឌា គេរំពឹងថា អតិផរណាបានក្លាយជាហានិភ័យកំពូល ដោយសារកម្រិតនៃ «ភាពតក់ស្លុតពីជំងឺកូវីដ-១៩» បានធ្លាក់ចុះមកនៅកម្រិតទី ២ វិញ។ សេដ្ឋវិទូនានាបានលើកឡើងពីការព្រួយបារម្ភលើការផ្គត់ផ្គង់ផ្នែកថាមពលដោយសារតែការធ្លាក់ចុះនៃបរិមាណធ្យូងថ្មទាបស្មើទៅនឹងបរិមាណកាលពីខែតុលា។
ធ្យូងថ្មនៅប្រទេសឥណ្ឌាមានបរិមាណប្រហែល ៧០% នៃ ល្បាយថាមពលសរុបរបស់ប្រទេសនេះ។ លោក Tirtankar Patnaik ដែលមកពីផ្សារហ៊ុនជាតិនៃប្រទេសឥណ្ឌាបានសង្កត់ធ្ងន់ថា «វិបត្តិថាមពលដែលកំពុងបន្តកើតមាននិងការបន្តរំខានខាងផ្នែកផ្គត់ផ្គង់ អាចនឹងបន្តបង្កហានិភ័យដល់ភាព មិនច្បាស់លាស់នៃអតិផរណាខាងផ្នែកថាមពល» ៕ Nikkei Asia