ឯកឧត្តម វង្សី វិស្សុត ដឹកនាំប្រជុំក្រុមការងារបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ថោង ខុន, ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម សុខ សូកេន , ឯកឧត្តម នាង ផាត, ឯកឧត្តម សួស យ៉ារ៉ា, លោកជំទាវ សាយ សំអាត, លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម នួន ផារ័ត្ន ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុង-ស្រុកជាច្រើនរូប។
ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ ក្នុងបុព្វហេតុបម្រើប្រជាជន និងការពង្រឹងគណបក្ស។ ជាក់ស្តែង មន្រ្តីគណបក្សមូលដ្ឋានដោយមានការគាំទ្រពីក្រុមការងារគ្រប់លំដាប់បានចូលរួមយ៉ាងសស្រាក់សស្រាំ ដោយយកអស់នូវកម្លាំងកាយ ចិត្ត និងស្មារតី ចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស, កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាពិសេសគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ឯកឧត្តមប្រធានគណបក្សខេត្តបានបន្តលើកឡើងថា ក្រោមការដឹកនាំ និងការតម្រង់ទិសជាបន្តបន្ទាប់របស់ឯកឧត្តម វង្សី វិស្សុត, បច្ចុប្បន្នទាំងមន្រ្តីគណបក្សមូលដ្ឋាននិងមកពីថ្នាក់កណ្តាលបានបង្រួបបង្រួម, ប្រមូលកម្លាំង និងច្របាច់បញ្ចូលពីថ្នាក់កណ្តាល, ថ្នាក់ខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់, កម្លាំងយុវជន និងសកម្មជនគណបក្ស ឱ្យក្លាយជាអង្គតែមួយ ក្នុងរចនាសម្ព័ន្ធក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ចាប់ពីកម្រិតខេត្ត រហូតដល់កម្រិតគ្រប់ភូមិទាំងអស់រួចរាល់ និងបានធ្វើកិច្ចការជាច្រើនទៀតដើម្បីពង្រឹងគណបក្សដូចជា៖ ការរៀបចំគម្រោងសាងសង់ទីស្នាក់ការគណបក្សឱ្យបានសមរម្យនិងអាចឆ្លើយតបទៅបាននឹងតម្រូវការការងារគណបក្ស, ការរៀបចំមូលនិធិក្រុមការងារនៅគ្រប់កម្រិត,ការរៀបចំក្រុមការងារសម្របសម្រួលនិងទទួលបន្ទុកកិច្ចការយុវជន និងក្រុមការងារទទួលបន្ទុកកិច្ចការសង្គម ជាដើម។
ឯកឧត្តម នួន ផារ័ត្ន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម វង្សី វិស្សុត ដែលបានរៀបចំបង្កើតក្រុមការងារតាមវិស័យចំនួនដូចជា៖ ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ដើម្បីជំរុញការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ជាពិសេសការលើកកម្ពស់ជីវភាព, ការបង្កើតការងារ, មុខរបរ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ទន្ទឹមនេះ ការរៀបចំបង្កើតក្រុមការងារចល័តអន្តរាគមន៍បន្ទាន់ចំនួន ២ ក្រុម សម្រាប់ចេញធ្វើអន្តរាគមន៍ជួយជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ក៏ជួយដោះស្រាយការលំបាក និងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនបានភ្លាមៗផងដែរ។ ជាមួយនេះ ការរៀបចំក្រុមមេធាវីប្រចាំគណបក្សខេត្ត និងជួយការពារក្តីប្រជាជនតាមក្រុង ស្រុកទាំង៩ ដោយក្នុងមួយក្រុង/ស្រុក មានសមាសភាពចំនួន ៥ រូប ក៏ចូលរួមដោះស្រាយបញ្ហាយុត្តិធម៌សង្គម និងទំនាស់សង្គមផងដែរ ពិសេសទំនាស់ដីធ្លី។
ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលកន្លងមកបានខិតខំយកអស់កំលាងកាយ ចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ជាពិសេសការសម្រេចបានជោគជ័យដ៏ធំធេងលើសពីការរំពឹងទុក នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។ ឈរលើមូលដ្ឋាននេះ ឯកឧត្តម វង្សី វិស្សុត បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងបុព្វហេតុតែមួយ គឺបម្រើប្រជាជន និងដណ្តើមសន្លឹកឆ្នោតជូនគណបក្ស ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកំពង់ធំទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ភាពរឹងមាំជានយោបាយរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងបរិការណ៍បច្ចុប្បន្ន ក៏ដូចជាដើម្បីអាចជះឥទ្ធិពលទៅដល់ខេត្តជុំវិញ ដោយសារខេត្តកំពង់ធំមានភូមិសាស្រ្តធំ និងស្ថិតនៅចំចំណុចកណ្តាលនៃប្រទេស។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើ ក៏ដូចជាដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៨ ខាងមុខ យើងត្រូវរួមគ្នាផ្តោតលើយុទ្ធសាស្រ្ត ឬការដ្ឋានចំនួន ៣ ៖ ទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ និងការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម និងការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជាសេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្វអាជីវកម្ម ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបញ្ហាសមធម៌និងយុត្តិធម៌សង្គម។ ឯកឧត្តមបានបន្តថា បញ្ហាសមធម៌និងយុត្តិធម៌សង្គម ក៏មានចំណែកសំខាន់ មិនចាញ់បញ្ហាជីវភាពនិងសេដ្ឋកិច្ចប្រជាជនដែរ។ ដូចនេះ យើងត្រូវបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខិតខំដោះស្រាយបញ្ហាទាំងនេះឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជាប្រយោជនដល់ប្រជាជន និងការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចជាដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូនដ្ឋាននៃជំនឿទុកចិត្តដ៏រឹងមាំនិងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ និងសីលធម៌, ការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទាំងរបបប្រជុំ រាយការណ៍ និងត្រួតពិនិត្យ និងការកសាងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសលើយុវជន ដែលជាកម្លាំងបន្តវេន ព្រមទាំងការបំពាក់ធនធាន និងមធ្យោបាយចាំបាច់នានា។ និង ទី៣. ការទប់ស្កាត់ និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន។ ទន្ទឹមនេះ ត្រូវខិតខំផ្សព្វផ្សាយ ឃោសអប់រំ ពន្យល់ និងធ្វើប្រតិកម្មរហ័ស ដើម្បីទប់ស្កាត់ប្រជាជនកុំចាញ់បោកការអូសទាញ ការញុះញង់ និងការមួលបង្កាច់របស់ក្រុមអគតិនានា ហើយមិនត្រូវទុកឱ្យមានលំហរដល់ពួកនេះធ្វើសកម្មភាព និងស៊ីឡាកបានឡើយ។
ឯកឧត្តម វង្សី វិស្សុត បានបន្តណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។ ឯកឧត្តមក៏បានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ហើយត្រូវខិតខំដោះស្រាយការលំបាករបស់បងប្អូនប្រជាជនដែលរង់គ្រោះដោយទឹកជំនន់ និងត្រូវត្រៀមបន្តជួយដល់បងប្អូននៅពេលទឹកស្រក តាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការបង្រ្កាបនិងទប់ស្កាត់បទល្មើធនធានធម្មជាតិ ពិសេសក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញឿន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ឯកឧត្តមក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេ នឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕