ទស្សន:មិត្តអ្នកអាន៖ ទឹកត្រជាក់ត្រីកុំ! «អតីតសកម្មជនបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនជាបន្តបន្ទាប់»
រយ:ពេលចុងក្រោយនេះចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងបាន និងកំពុងពុះកញ្ជ្រោលជាខ្លាំង។ ក្បាលម៉ាស៊ីនដឹកនាំរបស់បក្សភ្លើងទៀន និងបក្សកម្លាំងជាតិ ទាំងនៅថ្នាក់ខេត្ត ស្រុក និងថ្នាក់មូលដ្ឋាន ភូមិ ឃុំ ជាច្រើននាក់បានប្រកាសផ្តាច់ខ្លួនពីបក្សចាស់របស់ពួកគេហើយបានចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងពីជនក្បត់ជាតិ សម រង្ស៉ី យ៉ាងគំហុកនាពេលនេះ ក៏ព្រោះតែពួកគេអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយរបស់ពួកគេ អស់រយ:ពេលរាប់សិបឆ្នាំកន្លងមកនេះ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណា ដោយគិតតែប្រឆាំងនឹងផលប្រយោជន៍ជាតិយ៉ាងងងឹតងងុលហួសហេតុ។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្បាលម៉ាស៊ីនបក្សភ្លើងទៀននិងបក្សកម្លាំងជាតិនៅក្នុងឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តសៀមរាប ចំនួន១៤រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងនិងពីជនក្បត់ជាតិ សម រង្ស៉ី ដោយសារតែពួកគាត់អស់ជំនឿ និងឈប់ចាញ់បោកការឃោសនាអូសទាញរបស់ក្រុមជ្រុលនិយមទាំងនោះនាពេលកន្លងមក។ ក្បាលម៉ាស៊ីនរបស់បក្សប្រឆាំងនៅមូលដ្ឋានទាំង១៤រូបនោះ បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងរបស់ពួកគាត់ចំពោះជាតិមាតុភូមិ នាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅពួកគាត់បានប្តេជ្ញាចិត្តថាឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកតទៅទៀតហើយ។
មូលហេតុដែលក្រុមក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ សម្រេចចិត្តឈប់គាំទ្រក្រុមជ្រុលនិយមនោះត្រូវបានពួកគាត់អះអាងថា សកម្មភាពនយោបាយ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែការបំផ្លិចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិ និងប្រជាជននោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាពរារាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងមានប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចដ៏មហាសាលសម្រាប់ជាតិខ្មែរទាំងមូល ជាពិសេសក្នុងវិស័យដឹកជញ្ជូនទំនិញឆ្ពោះទៅសមុទ្រ។
សកម្មភាពប្រឆាំងរបស់ជនក្បត់ជាតិ សម រង្ស៊ី លើគម្រោងនេះគឺជាទង្វើប្រឆាំងមួយដ៏ឆ្កួតលីលា និងអាម៉ាស់ជាទីបំផុត។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគាត់ ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយពួកគាត់បានមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានមេដឹកនាំដែលគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដ និងមានគោលនយោបាយសណ្តោសប្រណីដល់អតីតអ្នកប្រឆាំងទាំងអស់មកពីគ្រប់និន្នាការនយោបាយដែលបានភ្ញាក់ខ្លួន និងមានបំណងមកចូលរួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា។ បងប្អូនដែលបានចាកចេញពីក្រុមប្រឆាំងជ្រុលនិយម ព្រោះពួកគាត់បានមើលឃើញថាគណបក្សប្រជាជនកម្ពុជាជាគណបក្សមានគោលនយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិនិងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជាជាបង្អែកដ៏រឹងមាំរបស់ជាតិនិងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានានិងរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ ដូចសុភាសិតបុរាណពោលថា “ទឹកត្រជាក់ ត្រីកុំ” ដូច្នោះដែរ។
ក្រោយសុំចូលរួមជាមួយបក្សប្រជាជន បងប្អូនដែលជាអតីតអ្នកចាញ់បោកបក្សប្រឆាំងបានប្តេជ្ញាបម្រើ ការពារដោយស្ម័គ្រស្មោះជាមួយគណបក្សប្រជាជនកម្ពុជា ដោយឈប់ឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងតទៅទៀតហើយ។ ពួកគាត់បានអំពាវនាវដល់អ្នកកំពុងចាញ់បោកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក ហើយមកចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាពទាំងពេលបច្ចុប្បន្ននិងតទៅអនាគត៕
ដោយ : ឌី វីរ: