ខ្មែរប៉ុស្ដិ៍ Close

ក្រុមយុវជនសង្គមស៊ីវិល ប្រកាសថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ដែលតែងយកវិស័យបរិស្ថាន និងសិទ្ធិមនុស្សជាឈ្នាន់នយោបាយតាមការញុះញង់របស់ជនបរទេស

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 74
ក្រុមយុវជនសង្គមស៊ីវិល ប្រកាសថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ដែលតែងយកវិស័យបរិស្ថាន និងសិទ្ធិមនុស្សជាឈ្នាន់នយោបាយតាមការញុះញង់របស់ជនបរទេស ក្រុមយុវជនសង្គមស៊ីវិល ប្រកាសថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ដែលតែងយកវិស័យបរិស្ថាន និងសិទ្ធិមនុស្សជាឈ្នាន់នយោបាយតាមការញុះញង់របស់ជនបរទេស

ក្រុមយុវជនសង្គមស៊ីវិល នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួមគាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់។ យោងតាមសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមយុវជនសង្គមស៊ីវិល បានប្រកាសថ្កោលទោសចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្ត្របង្កើតព្រឹត្តិការណ៍ធ្វើសកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធិមនុស្ស ជាឈ្នាន់នយោបាយ តាមការញុះញង់របស់ជនបរទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរចលាចលសង្គមដែលជាទង្វើខុសច្បាប់។

ក្រុមយុវជនសង្គមស៊ីវិល បានសម្តែងការសោកស្តាយជាពន់ពេកប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្តាប់តូច តែងតែនាំគ្នាបង្កើតព្រឹត្តិការណ៍ចលនាខុសច្បាប់ រិះរកវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយនិងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដែលជាចេតនានយោបាយខ្មៅកខ្វក់ ពិសេសវាយប្រហាលលើស្ថាប័នក្រសួងបរិស្ថានជាដើម។

ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ជាកត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេ! ទើបនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធធនាគារពី៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួម គំនិតក្បត់ជាតិ។ ការប្រកាសសាលក្រមនេះបានធ្វើឡើងបន្ទាប់ពីបើកសាវនាការចំនួន ៥ លើករួចមកហើយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទ រួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិត្រូវបានបណ្តេញចេញពី ប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជាផងដែរ។

ក្រុមយុវជនសង្គមស៊ីវិល សូមប្រកាសគាំទ្រនូវសាលក្រមរបស់តុលាទាំងស្រុង ពីព្រោះ ច្បាប់ជាច្បាប់! ខណៈដែលក្រុមយុវជនមួយក្តាប់តូចនេះ មិនចេះរាងចាល បំពានច្បាប់នាំគ្នារិះរកវិធី សាស្ត្រយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជនបរទេសទាំងមិនដឹងខ្លួនងប់ងុលលង់លក់នឹង មនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស។ ក្នុងនាមជាយុវជនដូចគ្នា ក្រុមយុវជនសង្គមស៊ីវិល ពិតជាសង្វេកដល់ដួងព្រលឹង បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្តែក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយ បែរជាបណ្តោយខ្លួនឱ្យចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ៕

អត្ថបទទាក់ទង