ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ បណ្តាញសង្គម CoolApp គឺជាមោទនភាពជាតិក្នុងសម័យបច្ចេកវិទ្យាឌីជីថល

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 261
ទស្សនៈកូនខ្មែរ៖ បណ្តាញសង្គម CoolApp គឺជាមោទនភាពជាតិក្នុងសម័យបច្ចេកវិទ្យាឌីជីថល ទស្សនៈកូនខ្មែរ៖ បណ្តាញសង្គម CoolApp គឺជាមោទនភាពជាតិក្នុងសម័យបច្ចេកវិទ្យាឌីជីថល

បណ្តាញទំនាក់ទំនងសង្គម CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គមបែបទំនើបថ្មីមួយ ដែលត្រូវបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ កម្មវិធីនេះ គឺពិតជាមោទនភាពរបស់ជាតិយើងពិតៗដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពក្នុងដែនសន្តិសុខជាតិខ្មែរ។ CoolApp អាចផ្ញើរូបភាព វីដេអូ និងសម្លេងបានលឿន រក្សាការសម្ងាត់ និងឯកជនភាព ដោយប្រជាពលរដ្ឋអាចចូលរួមប្រើប្រាស់ប្រកបដោយទំនុកចិត្តខ្ពស់។

CoolApp មាននិមិត្តសញ្ញាបញ្ជាក់ថាសារទាំងអស់ត្រូវបានអ៊ិនគ្រីបពីចុងឃ្លាមួយទៅចុងឃ្លាមួយទៀត (end-to-end encryption) ដែលធានាបាននូវឯកជនភាពនៃទិន្នន័យ និងការបញ្ចេញដំណឹងដល់អ្នកប្រើប្រាស់។ សមត្ថភាពផ្ទុកទិន្នន័យបានធំ ដោយ CoolApp អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើនិងទទួលឯកសារដែលមានទំហំធំ ដូចជា វីដេអូ រូបថត និងឯកសារផ្សេងៗ។ កម្មវិធីនេះមិនមានដែនកំណត់ក្នុងការផ្ញើនៃទំហំឯកសារដែលប្រើប្រាស់នោះទេ។ សមត្ថភាពចែករំលែករបស់ CoolApp មានលក្ខណៈពិសេសក្នុងការចែករំលែកឯកសារ និងទិន្នន័យនានាជាមួយអ្នកដទៃ តាមរយៈគ្រុបនិង ឆាណែលផ្សេងៗជាច្រើន។ អ្នកប្រើប្រាស់អាចបង្កើតគ្រុបដែលមានសមាជិកច្រើនបានយ៉ាងងាយស្រួល។ មួយទៀត CoolApp ផ្តល់នូវមុខងារស្វែងរកមិត្តភក្តិដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នាយ៉ាងមានប្រសិទ្ធភាព និងការរក្សាទុកឯកសារដែលបានបញ្ចូលក្នុង Cloud ដែលអាចចូលទៅដំណើរការបានគ្រប់ពេលវេលា។ CoolApp ក៏មានមុខងាររក្សាការសម្ងាត់របស់អ្នកប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ផងដែរ ដូចជា៖ ការប្រកាសសារបានលឿន និងមានសម្លេងច្បាស់ CoolApp អាចផ្ញើសារនិងទទួលសាររបស់មិត្តភក្តិ ឬជាមួយបុគ្គលដ៏ទៃប្រកបដោយល្បឿនលឿនដោយប្រើប្រាស់បច្ចេកវិទ្យាបណ្តាញម៉ាស៊ីនមេ ដើម្បីធានាបាននូវល្បឿន គុណភាព ទាំងសម្លេង និងរូបភាពបានច្បាស់ល្អគ្មានទាស់។ CoolApp អាចស្កេននិងស្តុកទុកឯកសារជារៀងរាល់ថ្ងៃ ដើម្បីធានាថាទិន្នន័យមិនត្រូវបានបាត់បង់និងអាចរកបានមកវិញនៅពេលណាក៏បាន។ CoolApp មានការចងក្រងឯកសារជាអនាមិកដែលមិនអាចកំណត់អត្តសញ្ញាណបាន ដូច្នេះទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាព។ CoolApp អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងទិន្នន័យរបស់ខ្លួន ដូចជាការលុបសារចាស់ ការផ្លាស់ប្តូរទិន្នន័យ និងការរក្សាឯកសារថ្មីឡើងវិញបានយ៉ាងងាយស្រួល។

ជារួម ប្រព័ន្ធផ្ញើសារក្នុងទម្រង់ CoolApp ថ្មីមួយនេះគឺជាកម្មវិធីដែលមានប្រយោជន៍និងមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់មិនថាសម្រាប់ការធ្វើទំនាក់ទំនងឬការធ្វើកិច្ចការងារផ្សេងៗនោះទេ។ ក្នុងនាមយើងជាកូនខ្មែរ យើងត្រូវមានមោទនភាព និងរីករាយចូលរួមប្រើប្រាស់ប្រព័ន្ធ CoolApp នេះឱ្យបានទាំងអស់គ្នាដើម្បីជាការលើកទឹកចិត្តចំពោះផលិតផលរបស់កូនខ្មែរផង និងជាការបង្ហាញអំពីសមត្ថភាពនៃធនធានមនុស្សជំនាន់ថ្មីថាបច្ចុប្បន្ននេះខ្មែរអាចធ្វើបានមិនចាញ់បរទេសនោះទេ។

ផ្ទុយទៅវិញ ក្រោយប្រកាសពីប្រព័ន្ធទំនាក់ទំនងសង្គមថ្មីដែលត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះ គេសង្កេតឃើញថា មានក្រុមខ្លះដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពួកគេបាននិយាយបំភ្លៃការពិតថា ប្រព័ន្ធដំណើរការរបស់ CoolApp នេះមិនមានសុវត្ថិភាព ឬអាចបែកធ្លាយរឿងឯកជនភាពរបស់អ្នកប្រើប្រាស់ទៅវិញ។ ជាតាមពិតបណ្តាញទំនាក់ទំនងសង្គមដែលបង្កើតឡើងដោយបរទេសទៅវិញទេដែលខ្មែរយើងគួរព្រួយបារម្ភ ព្រោះយើងមិនមែនជាម្ចាស់ ដូច្នេះហានិភ័យគឺយើងមិនអាចគ្រប់គ្រងបាននោះឡើយ។ ប្រទេសជឿនលឿនជាច្រើនរហូតមកដល់ពេលនេះ គឺគេខិតខំបង្កើតនូវបណ្តាញទំនាក់ទំនងសង្គមជារបស់ផ្ទាល់ខ្លួនដែលអាចធានាសុវត្ថិភាពបានល្អជាងសម្រាប់ជនជាតិរបស់គេ។ កម្ពុជាក៏មិនខុសអីពីប្រទេសនានាដែរ ឱ្យតែយើងមានលទ្ធភាពនិងការខិតខំប្រឹងប្រែងបង្កើតជាផលិតផលរបស់ខ្មែរផ្ទាល់យើងត្រូវតែគាំទ្រ ជាពិសេសគឺបណ្តាញទំនាក់ទំនងសង្គមដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដែលមានវិសាលភាពគ្របដណ្តាប់ទៅលើទាំងអាជីវកម្ម ការទំនាក់ទំនងការងាររបស់ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ទំនាក់ទំនងផ្ទាល់ខ្លួន និងតម្រូវការចាំបាច់ផ្សេងៗទៀត។ ការបង្កើត CoolApp ឡើងគឺមិនមានអ្វីដែលអាក្រក់នោះទេ គឺមានតែចំនេញចំពោះជាតិ ប៉ុន្តែការប្រឆាំងឬវៃប្រហាររបស់ក្រុមខ្លះនោះ ក៏ដោយសារតែពួកគេមានការភ័យខ្លាចថា ប្រព័ន្ធទំនាក់ទំនងថ្មីនេះនិងគ្រប់គ្រងទៅលើសកម្មភាពទុច្ចរិតរបស់ពួកគេ ដែលអាចនឹងមានផែនការបង្កើតនូវភាពអសន្តិសុខដល់សង្គម ហើយពួកគេនឹងត្រូវសមត្ថកិច្ចចាត់វិធានការច្បាប់ទើបពួកគេ។

តាមរយៈស្ថាបនិករបស់ CoolApp បានបង្ហើបឱ្យដឹងថា ប្រព័ន្ធទំនាក់ទំនងសង្គមនេះគឺប្រើអ៊ីនធឺណេតក្នុងដែនរបស់កម្ពុជា ដូច្នេះវាធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ ហើយគោលដៅធំបំផុតនៃការបង្កើតប្រព័ន្ធនេះឡើងគឺដើម្បីរក្សានិរន្តរភាពក្នុងប្រព័ន្ធទំនាក់ទំនងដែលកម្ពុជានឹងមានជម្រើសប្រើជារបស់ខ្មែរខ្លួនឯង ប្រសិនបើបណ្តាញទំនាក់ទំនងសង្គមរបស់បរទេសពេញនិយមដែលខ្មែរយើងកំពុងប្រើនាបច្ចុប្បន្នត្រូវបានបិទ ឬមានបញ្ហារាំងស្ទះណាមួយកើតឡើងពេលនោះកម្ពុជាគឺបានត្រៀមខ្លួនរួចជាស្រេច គឺយើងមានរបស់ខ្លួនឯងប្រើប្រាស់តែម្តង ដោយមិនប្រឈមនឹងបញ្ហាវិបត្តិណាមួយឡើយ។ ដោយសារតែមើលឃើញពីសារសំខាន់នេះហើយ ប្រមុខដឹកនាំកម្ពុជាក៏បានថ្លែងគាំទ្រនៃប្រព័ន្ធទំនាក់ទំនងសង្គមថ្មីនេះ ហើយប្រជាជនកម្ពុជាក៏បានចូលរួមនិងបាន Download App នេះ ប្រើប្រាស់ច្រើនគឺហក់ឡើងខ្ពស់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះមានអ្នកចូលប្រើជិត២០ម៉ឺននាក់ហើយ។ នេះគឺជាមោទនព្រោះសម្រាប់ប្រទេសកម្ពុជាយើងសង្កេតឃើញថា ខ្មែរយើងតែងតែមានចលនាជាតិដ៏ប្រពៃមួយ គឺជួយលើកស្ទួយនិងគាំទ្រនូវអ្វីដែលខ្មែរខំប្រឹងប្រែងបង្កើតឡើង។ ស្មារតីនេះនឹងជួយជំរុញឱ្យកូនខ្មែរជំនាន់ក្រោយមានមហិច្ឆតាកាន់តែខ្ពស់ក្នុងការចូលរួមកសាងសមិទ្ធផលថ្មីៗកាន់តែច្រើនឡើងថែមទៀតដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងមាតុភូមិនៃយើង៕

ដោយ : ឌី វីរ:

អត្ថបទទាក់ទង