ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការងារ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងរយៈពេល៥ឆ្នាំ ដល់យុវជនចំនួន១លាន៥សែននាក់

ដោយ៖ សូ សែនឬទ្ធា ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 45

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា TVET សម្រាប់យើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ ប៉ូលីស ទាហាន បុគ្គលិកក្រុមហ៊ុនឯកជន និងបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សុទ្ធតែរៀនបានទាំងអស់ ព្រោះ TVET ជាកន្លែងដែលផ្តល់ជំនាញវិជ្ជាជីវៈ ជាកន្លែងពង្រឹងជំនាញ ហើយជាកន្លែងសម្រាប់បងប្អូនដែលចង់ផ្លាស់ប្តូរជំនាញផងដែរ។ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាកន្លែងសម្រាប់ពលរដ្ឋគ្រប់រូបដែលចង់បានចំណេះជំនាញពិតប្រាកដ ចង់ពង្រឹងសមត្ថភាព ឬចង់ផ្លាស់ប្តូរឱកាសការងារ ពោលគឺមិនមែនសម្រាប់តែយុវជនគោលដៅនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤  ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅខេត្តសៀមរាប។

ឯកឧត្តម បានបន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងរយៈពេល៥ឆ្នាំ ដល់យុវជនចំនួន១លាន៥សែននាក់។ តាមរយៈកម្មវិធីនេះ យុវជនគ្រប់រូបពួកគាត់ទទួលបាននូវការរៀនជំនាញដោយមិនគិតថ្លៃ លើកលែងតែយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ដែលពួកគាត់ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយទទួលបាននូវការឧបត្ថម្ភបន្ថែមនូវទឹកប្រាក់មួយខែ២៨ម៉ឺនរៀលទៀត។ ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មិនមែនធ្វើឡើងសម្រាប់តែយុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះ បង្កើតឡើងសម្រាប់ពលរដ្ឋគ្រប់រូប មិនថាមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន ឬម្ចាស់អាជីវកម្មផ្សេងៗនោះទេ ពួកគាត់សុទ្ធតែមានឱកាសមកទទួលការបណ្តុះបណ្តាលជំនាញនេះទាំងអស់៕

អត្ថបទទាក់ទង