នៅថ្ងៃនេះ! ក្រោយពីស្វែងរកក្មេងវង្វេងក្នុងរូងភ្នំមិនឃើញ ក្រុមអ្នកសង្គ្រោះថៃ សម្រេចចិត្តចោះប្រហោងចូលរូងភ្នំ
អាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះកំពុងចាប់ផ្តើ់មជីកប្រហោងមួយចូលទៅកាន់រូងភ្នំមួយកន្លែង ជាទីដែលក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ត្រូវបានគេជឿជាក់ថា បានជាប់គាំងនៅក្នុងល្អាងភ្នំដោយសារទឹកជន់ខ្លាំង។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីមហាផ្ទៃថៃ លោក អនុពង្ស ផាវចិន្តា (Anupong Paochinda) បានគូសបញ្ជាក់ដូច្នេះថា «ស្អែក (ថ្ងៃព្រហស្បតិ៍នេះ) យើងអាចនឹងជីកប្រហោងមួយចូលទៅកាន់រូងភ្នំ ប៉ុន្តែយើងមិនជីកវាជ្រៅនោះទេ ពោលគឺគ្រាន់តែសមល្មមឱ្យមនុស្សអាចចូលបានតែប៉ុណ្ណោះ… ហើយើងនឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមរកក្មេងៗទាំងនោះ»។
ក្រុមជួយសង្គ្រោះបានប្រទះឃើញដានជើង ហើយក៏សន្និដ្ឋានថា គួរតែជាដានជើងរបស់ក្មេងៗ ប៉ុន្តែនៅតែរកមិនឃើញ ។ ទោះជាយ៉ាងណាកម្រិតទឹកឡើងខ្ពស់ ព្រោះមានភ្លៀងធ្លាក់ជាប់ៗគ្នា គេជឿថា ក្មេងៗទាំងនោះនឹងអាចនឹងរកកន្លែងណាមួយក្នុងល្អាងភ្នំ យករួចខ្លួនបាន ។
អាជ្ញាធរបានណែនាំទៅក្រុមអ្នកជួយសង្គ្រោះថា ត្រូវមានការប្រុងប្រយ័ត្នលើរឿងបរិយាកាសក្នុងល្អាង អាចគ្មានខ្យល់ដកដង្ហើប ខណៈក្រុមអ្នកជួយសង្គ្រោះបាននាំយកដូចជាអាហារ និងថ្នាំពេទ្យផ្សេងៗទៅក្នុងល្អាងនោះ ។
ក្រុមសង្គ្រោះជាង១,០០០នាក់ មានទាហានជើងគោកនិងជើងទឹក បានដាក់ពង្រាយដើររកគ្រប់ទីកន្លែង តែនៅមិនទាន់ឃើញសូម្បីស្រមោល ។ យប់មិញនេះទឹកឡើង១៥សង់ទីម៉ែត្រ ទៀតហើយដែលធ្វើអោយការសង្គ្រោះជួបឧបសគ្គ បើរស់សូមឃើញមនុស្ស បើស្លាប់ត្រូវឃើញសាកសព។
គួរបញ្ជាក់ថា ក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ រីឯក្រុមអ្នកជួយសង្រ្គោះជឿជាក់ថា អ្នកទាំងនេះកំពុងជាប់នៅក្នុងល្អាងភ្នំ ថាមលួង ណាង ណុន (Tham Luang Nang Non) ដែលស្ថិតភាគជើងនៃខេត្ត ឈៀងរ៉ៃ (Chiang Rai) និងជាល្អាងវែងជាងគេបំផុតទី ០៤ របស់ថៃ។ ក្មេងទាំងនេះត្រូវបានគេរាយការណ៍ថា មានអាយុចន្លោះពី ១១ឆ្នាំ ដល់ ១៦ឆ្នាំ រីឯគ្រូបង្វឹកបាល់ទាត់របស់ពួកគេមានអាយុ ២៥ឆ្នាំ៕