ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ពន្យល់លម្អិតអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញដល់ការបើកការដ្ឋានឱ្យបានឆាប់រហ័ស

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 104
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ពន្យល់លម្អិតអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញដល់ការបើកការដ្ឋានឱ្យបានឆាប់រហ័សឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ពន្យល់លម្អិតអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជំរុញដល់ការបើកការដ្ឋានឱ្យបានឆាប់រហ័ស

ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ លោកស្រី Zhang Jianhua អគ្គនាយករងនាយកដ្ឋានទុនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខេត្តកែប អភិបាលរងខេត្តកំពត និងខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងអ្នកជំនាញការជាច្រើនរូប នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឱ្យបានឆាប់រហ័ស។

ក្នុងអំឡុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ជូនលោកស្រី Zhang Jianhua និងអង្គប្រជុំកាន់តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមាន ភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាយផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជា បានគិតគូរជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។ សរុបមក ផ្លូវទឹកនេះ នឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោងដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លាពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។ នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជាចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង៕

 

អត្ថបទទាក់ទង