ខ្មែរប៉ុស្ដិ៍ Close

ក្រុមមេធាវីរាជរដ្ឋាភិបាល ប្រកាសលេខទូរស័ទ្ទ៣ខ្សែដើម្បីទាក់ទងស្នើសុំមេធាវីការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះក្នុងសំណុំរឿងឆបោករបស់ក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 32

បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី សម្រេចប្រគល់ភារកិច្ចជូន ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការនិងស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមមេធាវីរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយភ្ជាប់ជាមួយលេខទូរស័ព្ទចំនួន៣ខ្សែ ដាក់ជូនប្រជាពលរដ្ឋខលសាកសួរព័ត៌មាន និងស្នើសុំមេធាវីសម្រាប់ការពារក្ដីរបស់ខ្លួនដែលអាចទាក់ទងរៀងរាល់ម៉ោងធ្វើការ រួមមាន៖ លេខ 017 991 115 លេខ 012 518 999 និងលេខ 010 447 300។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូនឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.) ។

ក្រុមមេធាវីរាជរដ្ឋាភិបាល គោរពទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និងការពារសិទ្ធិជូន ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.)៕