ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 50

នារសៀលថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្ដេចព្រះសង្ឃរាជ បួរ គ្រី, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះប្រធាន និងប្រធានអនុគណៈកម្មការនីមួយៗ បានរាយការណ៍អំពីលទ្ធផលការងារដែលបាន អនុវត្តនាពេលកន្លងមក ដែលជារួម ការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព គិតចាប់តាំងពីថ្ងៃយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃ៦ ខែឧសភា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវព្រះអំណរគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយប្រគេន និងជូនចំពោះសម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការបុណ្យព្រះបរមសព ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការនីមួយៗដែលបានបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមកនេះ។

អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងារ វឌ្ឍនភាពនៃដំណើរការរៀបចំពិធីបុណ្យ បញ្ហាប្រឈម និងកិច្ចការបច្ចេកទេសនានា ព្រមទាំងព្រះរាជកម្មវិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ក្បួនថ្មើរជើងហែព្រះបរមសព និងកម្មវិធីបុណ្យចំនួន៥ថ្ងៃមុនថ្ងៃថ្វាយព្រះភ្លើងអំពីការរៀបចំបុណ្យទក្ខិណានុប្បទាន ដើម្បីត្រៀមរៀបចំផែនការសកម្មភាពសម្រាប់ពិធីថ្វាយព្រះភ្លើងឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាទីសក្ការៈ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី ព្រមទាំងធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង