ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 82

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ អគារសិក្សា ១ខ្នង មាន៥បន្ទប់នេះ ត្រូវបានឧបត្ថម្ភសាងសង់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ស្ពឺ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំង តម្រូវឱ្យមានពលរដ្ឋខ្លាំងពូកែ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១ ដើម្បីឱ្យមនុស្សខ្លួនឯងមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម មនុស្សគឺជាមធ្យោបាយ គឺជាកំលាំងសេដ្ឋកិច្ចនិងការពារជាតិឱ្យបានគង់វង្ស។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សាលាមួយអាចបណ្តុះបណ្តាលសិស្សឱ្យមានគុណភាពល្អ គឺអាស្រ័យលើអ្នកបង្រៀន អ្នករៀន អាណាព្យាបាល សហគមន៍ កម្មវិធីសិក្សា និងការគ្រប់គ្រងសាលារៀន ជាពិសេសអ្វីដែលសំខាន់នោះគឺនាយកសាលាតែម្តង។ ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពោលគឺជំរុញឱ្យខេត្តនីមួយៗត្រូវយកចិត្តទុកដាក់ និងមានការគិតគូរឱ្យបានខ្ពស់ក្នុងការគ្រប់គ្រងសាលា និងការជ្រើសរើសនាយកសាលា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចេញនូវវិធានការគន្លឹះចំនួន៤រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពសិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្ស ក្រោមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ដោយឡែក ចំពោះខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើការកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះក្រោមដំបូលសន្តិភាព ខេត្តនេះ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះ វិស័យឧស្សាហកម្មក្នុងខេត្តនេះ មានការរីកដុះដាលយ៉ាងខ្លាំង ដែលបានជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះមានភាពល្អប្រសើរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ទៀតថា ពីមុនមក ខេត្តកំពង់ស្ពឺ តែងត្រូវគេចាត់ទុកជាខេត្តក្រីក្រមួយដែលអាស្រ័យតែលើការធ្វើស្រែប៉ុណ្ណោះ តែរយៈពេល២៥ឆ្នាំចុងក្រោយនេះ ខេត្តនេះ មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិស័យឧស្សាហកម្មតែម្តង។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រឧស្សាហកម្មសរុបជាង៣០០រោងចក្រ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ១៧ម៉ឺននាក់ ដោយឡែក ឃុំអមលាំង ស្រុកថ្ពងនេះ បានក្លាយទៅជាមូលដ្ឋានកសិកម្ម ឧស្សាហកម្មដ៏ធំមួយរបស់ខេត្ត ហើយនៅមានសក្តានុពលក្នុងការពង្រីកកាន់តែធំថែមទៀត។ ការរីកចម្រើននាពេលបច្ចុប្បន្ននេះ គួបផ្សំនឹងស្ថានភាពភូមិសាស្ត្រអំណោយផលនៃខេត្តនេះ ដែលនៅចន្លោះរាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ អាចចង្អុលពីអនាគតប្រកបដោយវិបុលភាពរបស់ខេត្តកំពង់ស្ពឺស្របនឹងដំណើររបស់ប្រទេសកម្ពុជាទាំងមូល ឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងថា ការសម្រេចបានសមិទ្ធផលធំៗ និងការរីកចម្រើនស្ទើរគ្រប់វិស័យរបស់កម្ពុជា គឺកើតចេញពីសុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សន្តិភាពនិងការអភិវឌ្ឍន៍ត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាពដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយទើបជំរុញឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បីឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗ ទាំងអស់គ្នាអំពីតម្លៃ និងភាពចាំបាច់នៃសន្តិភាព។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយ គត់ដែលធានាសន្តិភាពក៏ដូចជាការអភិវឌ្ឍជាយូរអង្វែងជូនប្រជាជន និងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានសម្តែងនូវកត្តញុតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គទេសក៍ដ៏ល្អេឯកក្នុងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវឯកភាពជាតិ ឯកភាពទឹកដី ដែលជាស្នាដៃជាប្រវត្តិសាស្ត្រសំខាន់បំផុតសម្រាប់ប្រទេសជាតិ។ លើសពីនេះឯកឧត្តម ស្នើឱ្យប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយទាំងអស់ចូលរួមការពារទឹកដីដែលនៅសេសសល់ដែលជាកេរពីដូនតាជំនាន់មុនឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍបន្ថែមឱ្យក្លាយជាប្រទេសខ្លាំង ទំនើប និងអាចរស់នៅដោយខ្លួនឯងបាន និងការពារខ្លួនឯងបាន៕

អត្ថបទទាក់ទង