ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់នៅក្នុងរយៈពេលមធ្យមទៅវែង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 60

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅមុនវិបត្តិនៃជំងឺកូវីដ-១៩ គឺកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។

សម្តេចធិបតីបានថ្លែងបន្តថា នៅក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពោលបើទោះបីជាកម្ពុជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ ក្ដី ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ២០២២ និង ៥% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលមធ្យមទៅវែងនាពេលខាងមុខនេះ។

នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ និន្នាការនៃការនាំចេញនៅបន្តមានភាពវិជ្ជមានដដែល ពោលគឺបានកើនឡើងប្រមាណ ១៧,២%។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។

អត្ថបទទាក់ទង