ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំពិភាក្សាលើគម្រោងលើកកម្ពស់គុណភាពសេវាសុខភាពដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 273

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Fairfield Marriott មានរៀបចំកិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក និងដៃគូសហការរបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ Health Equity and Quality Improvement Project Phase 2 (HEQIP-II) ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកស្រី Maryam Salim នាយកប្រតិបត្តិការ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងតំណាងដៃអភិវឌ្ឍន៍នានាជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីអាទិភាពចំបងបំផុតរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រងសុខភាពជាសកល (UHC) ការកែលម្អគុណភាពនៃការផ្តល់សេវាសុខាភិបាល ការផ្តល់ការគាំពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព និងផែនការរបស់រាជរដ្ឋាភិបាលទាក់ទងនឹងផ្នែកដែលកំពុងងើបឡើងវិញដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការឆ្លើយតបនឹងអាកាសធាតុនិងសុខភាព។

នៅក្នុងកិច្ចប្រជុំ បានពិភាក្សាដោយសង្កត់ធ្ងន់លើរបៀបវារៈសំខាន់ៗចំនួន៤គឺ៖
១. អាទិភាពកំពូលរបស់រាជរដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រង ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC)
២. ការកែលម្អគុណភាពនៃការផ្តល់សេវា
៣. ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព
៤. ផែនការរបស់រាជរដ្ឋាភិបាលទាក់ទងនឹងតំបន់ដែលកំពុងរីកចម្រើនដូចជា៖ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបបន្ទាន់គ្រោះអាសន្នផ្នែកសុខភាព និងការប្រែប្រួលអាកាសធាតុ និងសុខភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា គម្រោងលើកកម្ពស់គុណភាពសេវា និងសមធម៌សុខាភិបាល អាចធ្វើផ្លាស់ប្តូរទស្សនៈគ្នា អំពីទិដ្ឋាភាពគោលនយោបាយសំខាន់ៗ នៃវិស័យសុខាភិបាល នាំមកធាតុចូល ឬតម្លៃបន្ថែមដល់ការសម្រួចគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីពាក់ព័ន្ធចូលរួមបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង