តេជោ ហ៊ុន សែន និងសន្តិភាព គឺជាពាក្យគន្លឹះ- Password នៃព្រះរាជាណាចក្រកម្ពុជា
នេះជាសារដ៏មានសារៈសំខាន់របស់លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាទី ថ្លែងទៅកាន់សកម្មជននិងអ្នកគាំទ្រអតីតបក្សប្រឆាំងចំនួន៣៤៩នាក់ ដែលត្រូវបានធ្វើពិធីបញ្ចូលសមាជិកថ្មីនែគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឃុំកុមាររាជា ស្រុកបាទីខេត្តតាកែវ។
នេះជាលើកទី៤ហើយ ដែលឃុំកុមាររាជាបានធ្វើពិធីបញ្ចូលសមាជិកសមាជិកាថ្មី ដែលសរុបមកដល់ពេលនេះមានចំនួន ១២៥៤នាក់ហើយៗដែលបងប្អូនប្រជាពលបានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយ សុទ្ធចិត្ត និងស្ម័គ្រចិត្តដោយការគោេពស្រឡាញ់ ដ៏ជ្រាលជ្រៅ និងដឹងគុណបំផុតចំពោះគណបក្សប្រជាជនកម្ពុជាដែលបានខិតខំកសាង និងអភិវឌ្ឍ ប្រទេសបានរីកចម្រើនលើគ្រប់វិស័យ។
លោក ស្វាយ ស៊ីថា ក្នុងនាមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាពិសេស ក្នុងនាមសម្តេចតេជោ នាយករដ្ធមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ លោកបានបញ្ជាក់ថា ការចូលមករួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងប្រជាជន ជាពិសេស គឺបាន នាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។
លោកបន្ថែមថា ការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងគាំទ្រច្រើនឡើងៗថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំ អោយកាន់តែរីកចម្រើន។
លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា « តេជោ ហ៊ុន សែន និងសន្តិភាព គឺជាពាក្យគន្លឹះ- Password នៃព្រះរាជាណាចក្រកម្ពុជា » ក្នុងន័យថា សន្តិភាពដែលកម្ពុជាទទួលបានមកដល់សព្វថ្ងៃ គឺពិតជាបានកើតចេញពីការតស៊ូលះបង់ និងពលីកម្មធំធេងណាស់ដែលមិនអាចកាត់ថ្លៃបាន និងជាពិសេស គឺយកអាយុជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោទម្រាំបង្កើតបាននូវសុខ សន្តិភាពដូចសព្វថ្ងៃនេះ។ ដូច្នេះ យើងត្រូវការសម្តេចតេជោ ប្រធានគណបក្សដើម្បីបន្តនូវការធានាបានយ៉ាងរឹងមាំនូវសុខសន្តិភាពនេះបានគង់វង្ស ទើបប្រទេសជាតិយើងមានឱកាសក្នុងការបន្តអភិវឌ្ឍបានកាន់តែរីកចម្រើនថែមទៀត។
លោកបានបញ្ជាក់ថា គោលនយោបាយរបសគណបក្សប្រជាជនកម្ពុជា គឺមានតែការបង្រួបបង្រួបបង្រួមជាតិ ការពារនូវឯករាជ្យ អធិបតេយ្យជាតិបូរណភាពទឹកដី ដែលខុសពីអតីតបក្សប្រឆាំងដែល ប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិ និងការនាំឱ្យសង្គមកម្ពុជាវឹកវរចលាចល តាមរយៈការញុះញង់ លាបពណ៌ និងការរើសអើងជាតិសាសន៍ជាដើម។
ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើឱ្យសមាជិកសមាជិកាទាំងចាស់ ទាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបញ្ចប់នូវការលាបពណ៌គ្នាដែលនាំឱ្យមានការថ្នាំងថ្នាក់ ប៉ះពាល់ដល់សតិអារម្មណ៍ នៃជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ស្វាយ ស៊ីថា បានផ្តាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំកុមាររាជាទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកុំបីអាក់ខាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ។ លោកថា បើប្រជាពលរដ្ឋចង់រក្សាបាន នូវស្ថិរភាពនិងសន្តិភាពហើយបន្តមាននូវកាអភិវឌ្ឍភូមិឃុំ ត្រូវបំពេញកាតព្វកិច្ចជាសមាជិកបក្សទាំងអស់គ្នា គឺទៅបោះឆ្នោតជូនគណបក្សដែលមានលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់។
លោក ស្វាយ ស៊ីថា បានមានប្រសាសន៍បន្ថែមថា កន្លងមកក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា និងអ្នកតំណាងរាស្ត្រ ក៏ដូចជាក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋានបានចូលរួមកសាងអភិវឌ្ឍក្នុងឃុំបានសម្រេចនូវសមិទ្ធផលច្រើនណាស់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូចជាការជួសជុល និងកសាងផ្លូវក្នងឃុំបានជាច្រើនកន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើររកទទួលទាន របសប្រជាពលរដ្ឋ បានសាងសង់រួចរាល់នូវអនុវិទ្យាល័យក្នុងឃុំ ជីកស្រះ ស្តារស្រះ សហការជាមួយអង្គការជាដៃគូអភិវឌ្ឍ
បានជីកអណ្តូងទឹកស្អាតក្នុងឃុំបាន២០អណ្តូង ស្វែងរកអាហាររូបករណ៍សម្រាប់កូនក្មួយរបស់ប្រជាពលរដ្ឋបាន បន្តសិក្សានៅតាមសកលវិទ្យាល័យរដ្ឋ និងគ្រឹះស្ថានសិក្សាឯកជនបានរាប់រយកន្លែង បានប្រមូលគៀងគរ សប្បុរសជនជិតឆ្ងាយតាមរយៈការធ្វើបុណ្យផ្កាសាមគ្គីនិងការធ្វើបុណ្យកឋិនទានជាបន្ទបន្ទាប់ដើម្បីប្រមូលថវិកាសាងសង់ព្រះវិហារមួយជិតរួចរាល់ហើយ រួមទាំងបានចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍជាច្រើនទៀតក្នងឃុំ។ ជាក់ស្តែងនៅថ្ងៃនេះ បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកបក្សរួចហើយ លោក ស្វាយ ស៊ីថា និងក្រុមការងារ ដោយមានការចូលរួមពីអភិបាលស្រុកបាទី ប្រធានការិយាល័យ សុខាភិបាលស្រុក ប្រជាពលរដ្ឋ ជាពិសេសយុវជន បានធ្វើពិធី បញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់មណ្ឌលសុខភាពមួយកន្លែងនៅក្នងឃុំដែលមិនធ្លាប់មានសោះតាំងពីយូរយារ ណាស់មកហើយ។ លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា មណ្ឌលសុខភាពនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋជាទូទៅក្នុងការពិនិត្យ និងព្យាបាលជម្ងឺនៅជិតផ្ទះ ដែលកាត់បន្ថយបាននូវការចំណាយបានយ៉ាងច្រើនក្នុងការលើកកម្ពស់ជីវភាពគ្រួសារឱ្យបានប្រសើរឡើងថែមមួយកម្រិតទៀត។
បន្ទាប់មក លោក ស្វាយ ស៊ីថា និងក្រុមការងារក៏បានចុះទៅពិនិត្យស្រះទឹកដ៏ធំមួយកន្លែងក្នងភូមិត្រពាំងផ្លុងដែលទើបនឹងជីកស្តាររួចរាល់ ហើយលោកក៏បានធ្វើដំណើរទៅពិនិត្យមើលទីតាំងអណ្តូងទឹកស្អាតក្នុងឃុំ ជាមួយនឹងការផ្តាំផ្ញើប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុខសន្តិភាព នេះឱ្យបានស្ថិតស្ថេរគង់វង្ស ហើយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩កក្កដា ខាងមុខ ដើម្បីក្រុមការងាររបស់គណបក្សប្រជាជនអាចបន្តអភិវឌ្ឍមូលដ្ឋានថែមទៀត៕
អត្ថបទ៖ ក្រុមការងារចុះមូលដ្ឋានឃុំកុមាររាជា