ខ្មែរប៉ុស្ដិ៍ Close

    ត្រីមាសទី១នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្ដាប្រទេស RCEP បានជិត ៨ពាន់លានដុល្លារអាមេរិក

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

    នៅក្នុងរយៈពេល៣ខែមកនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់ (អាសិប/RECP) ប្រមាណ ៨.៣៦៤លានដុល្លារ។ ទំហំនេះបានកើនឡើងក្នុងអត្រា១៤,៧២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។

    ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងតួលេខនេះ ការនាំចេញរបស់កម្ពុជាមានប្រមាណ ២.៦៩៥,៦៥ លានដុល្លារ កើនជាង២៥,៧៦%។ រីឯការនាំចូលពីប្រទេសដៃគូវិញមានទំហំ ៥.៦៦៩,១៤ លានដុល្លារ កើន១០,១៣%។

    ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ការនាំចេញរបស់កម្ពុជា ភាគច្រើនជាទំនិញចាំបាច់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈធ្វើដំណើរ គ្រឿងឧបភោគបរិភោគ (អង្ករ គ្រាប់ធញ្ញជាតិ ត្រី សាច់) គឺនៅតែរក្សាបានកំណើនយ៉ាងល្អប្រសើរ ដែលជាសញ្ញាវិជ្ជមានមួយគួរឱ្យមានមោទនភាព ក្នុងនាមយើងជាប្រទេសនាំចេញទំនិញចាំបាច់ ខណៈប្រទេសជាទីផ្សាររបស់យើងមួយចំនួន បានរឹតត្បិតនិងសន្សំសំចៃក្នុងការបញ្ជាទិញទំនិញណាដែលមិនចាំបាច់។

    គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិក ត្រូវបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចរចាអស់ជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានទំហំសរុបប្រមាណ២៦,២ទ្រីលានដុល្លារនេះ បានអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើមុខទំនិញជាច្រើន ពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្មជាដើម។ ប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ រួមមានប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

    អត្ថបទទាក់ទង