ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំរាំបានផ្កាល្អ ទាល់តែឬសដើមផ្កាដុះបានមាំល្អ ត្រូវការថែទាំយកចិត្តទុកដាក់ខ្ពស់

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 418

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមិនមែនមួយថ្ងៃ ១២ឆ្នាំ ឬ១៦ឆ្នាំ ទៅ២០ឆ្នាំ នោះទេ គឺត្រូវការអប់រំពេញមួយជីវិត ត្រូវការបណ្តុះបណ្តាលមួយជីវិត ហើយគ្រូបង្រៀន ក៏ត្រូវតែរៀនបន្ថែម សូម្បីតែនាយករដ្ឋមន្រ្តី ក៏ត្រូវរៀនជារៀងរាល់ថ្ងៃផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា» ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរៀន គឺរៀនចំពោះបញ្ហាដែលកើតមានឡើង ហើយដោះស្រាយបញ្ហាទាំងនោះ ប៉ុន្តែអ្វីដែលជាមូលដ្ឋានធានាបាននូវគុណភាពរបស់មនុស្ស គឺការអប់រំ ជាពិសេសនៅមូលដ្ឋានគ្រឹះតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់ក្រសួងអប់រំបានលើកពីការពិភាក្សាគ្នាអំពីការសិក្សាថ្មី គឺមិនខុសឆ្ងាយពីការចង់បានរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺឪពុកម្តាយគ្រប់ៗរូប ចង់បានសាលារៀនល្អ ដែលមូលដ្ឋានគ្រឹះគង់វង្ស ចង់បានវិន័យម៉ោងរៀនច្រើន មិនបណ្តោយឱ្យកូនទំនេរច្រើនពេក៕

អត្ថបទទាក់ទង