ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រើភ្លេងឆៃយ៉ាំដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅព្រលានយន្តហោះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 65

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងកុំភ្លេចស្វាគមន៍ភ្ញៀវទេសចរនៅព្រលានយន្តហោះ ដោយសម្តេចលើកទឹកចិត្តឱ្យប្រើភ្លេងឆៃយ៉ាំដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅព្រលានយន្តហោះ រួមទាំងជូននូវអំណោយទេសចរណ៍ផ្សេងៗទៀតដល់ភ្ញៀវទេសចរអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនេះដែរ មិនមែនធ្វើតែនៅខេត្តសៀមរាបនោះទេ គឺត្រូវធ្វើនៅគ្រប់រាជធានីខេត្តទាំងអស់ ដែលចំណុចនេះ យើងត្រូវបង្កើតអារម្មណ៍ចូលឆ្នាំនៅលើទឹកដីអង្គររបស់យើងដើម្បីផ្តល់នូវអនុស្សាវរីយ៍ល្អៗដល់ភ្ញៀវទេសចរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការស្វាគមន៍បដិសណ្ឋារកិច្ចបានល្អ គឺអាចធ្វើឱ្យមនុស្សផ្លាស់ប្តូរចិត្តពីការស្នាក់នៅកម្ពុជារយៈពេល១ថ្ងៃ ទៅជាស្នាក់នៅ៥ថ្ងៃបាន ប៉ុន្តែបើសិនជាការស្វាគមន៍មិនបានល្អនោះទេ គឺអាចធ្វើឱ្យភ្ញៀវទេសចរផ្លាស់ប្តូរចិត្តពីការស្នាក់នៅកម្ពុជា៥ថ្ងៃ មកជាការស្នាក់នៅតែ១ថ្ងៃ៕

អត្ថបទទាក់ទង