ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខការទូតកម្ពុជា៖កម្ពុជាបន្តនិរន្តរភាពគោលនយោបាយអព្យាក្រឹត្យ និងបត់បែនតាមស្ថានការណ៍តំបន់ និងពិភពលោក

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 96

    ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ថ្លែងថា កម្ពុជា បន្តនិរន្តរភាពគោលនយោបាយអព្យាក្រឹត្យ និងបត់បែនតាមស្ថានការណ៍តំបន់ និងពិភពលោក ចំពោះទំនាក់ទំនងការទូតរបស់ខ្លួន។

    ​ថ្លែងក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះក្រុមការងារដែលបានរៀបចំវគ្គសិក្ខាសាលាការគ្រប់គ្រងបូកសរុបការងារការទូតកន្លងមក ដើម្បីជួយបង្កើនសមត្ថភាពអ្នកការទូត និងមន្រ្តីរាជការក្នុងការគ្រប់គ្រង និងការដោះស្រាយវិបត្តិបន្ទាន់ជាយថាហេតុ ព្រមទាំងជួយពង្រឹងដល់ការអនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌។

    ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការទាំងអស់ ដែលមានមនសិកាស្នេហា៍ជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់ តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់ ខណៈចំនួនមន្រ្តីក្នុង និងក្រៅប្រទេសមានចំនួនកំណត់នៅឡើយ។

    ឯកឧត្តមថ្លែងថា ការងារចំពោះមុខពាក់ព័ន្ធនឹងស្ថានការណ៍តំបន់ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈឹមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រួមទាំងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីប្រទេសជាតិ ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខស្បៀង និងថាមពលជាដើម កំពុងជាបញ្ហាបន្ទាន់ដែលត្រូវរួមគ្នាដោះស្រាយ។ ឯកឧត្តមថ្លែងបន្តថា ទន្ទឹមនេះស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅមានភាពផុយស្រួយនៅឡើយ ទោះបីត្រូវបានស្តារឡើងវិញជាបណ្តើរៗ។

    ឯកឧត្តមបញ្ជាក់ថា ស្ថិតក្នុងស្ថានការណ៍ខាងលើ និងក្នុងគោលដៅអនុវត្តឱ្យបានជោគជ័យនយោបាយការបរទេស និងការងារការទូតដោយឯករាជ្យ ហើយផ្អែកលើច្បាប់នោះ ត្រូវខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោក ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តន៍ភាព និងបង្កើនផលប្រយោជន៍ស្នូលជាតិជាអតិប្បបរមាសម្រាប់ជាតិ។

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា ការងារចាំបាច់បន្តធ្វើនោះ គឺការបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងកិច្ចការការទូត ការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្រ្តីការទូតទាំងអស់កាន់តែមានៅភក្តីភាពចំពោះជាតិប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាពប៉ិនប្រសព្វ មានសមត្ថភាពខ្ពស់ វាងវៃ បត់បែន ក្លាយជាយុទ្ធជនឈានមុខក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។

    បន្ថែមលើនេះ ដើម្បីជំរុញនិងលើកម្ពស់ប្រសិទ្ធភាពរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងដឹកនាំកិច្ចប្រជុំចង្អៀតក្រោមមូលបទ ការងារកំណែទម្រង់ និងបង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារជាមួយនឹងការផ្តោតលើការងារកំណែទម្រង់ផ្ទៃក្នុង និងកំណែទម្រង់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសឱ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕ ដោយ ៖ ដារ៉ា