ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសេដ្ឋកិច្ចប្រកាសចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (VAT) លើមុខទំនិញមួយចំនួនដែលជាអាហារមូលដ្ឋានរបស់ពលរដ្ឋ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 64

    កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយ ស្តីអំពីការដាក់បន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (VAT) លើមុខទំនិញមួយចំនួនដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

    ប្រកាសនេះមានវិសាលភាពអនុវត្តន៍ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវមុខទំនិញដែលជាអាហារជាមូលដ្ឋាន ដោយសំដៅដល់បណ្តាមុខទំនិញមួយចំនួនដូចខាងក្រោម៖

    ១-សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
    ២-ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
    ៣-ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
    ៤-ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់។
    ៥-អំបិលគ្រប់ប្រភេទ។
    ៦-ទឹកត្រី និងទឹកស៊ីអ៉ីវគ្រប់ប្រភេទ។