ខ្មែរប៉ុស្ដិ៍ Close

លោក មាស រិទ្ធី សុំទោសជាសាធារណៈចំពោះកំហុសដែលបានលើកឡើងថា កម្ពុជាឈប់ប្រើពាក្យសង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 21

បន្ទាប់ពីក្រសួងវប្បធម៌ បានសង្កេតឃើញថា លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិតនិងវប្បធម៌ប្រពៃណីជាតិដោយលោកបាននិយាយថា «កម្ពុជាឈប់ប្រើពាក្យសង្រ្កាន្តក្នុងឱកាសចូលឆ្នាំខ្មែរ»នោះ ក្រសួង ក៏បានស្នើសុំឱ្យធ្វើការកែតម្រូវជាបន្ទាន់។

លោក មាស រិទ្ធី ក៏បានចេញលិខិតសុំទោសជាសាធារណៈចំពោះការផ្សព្វផ្សាយ ដែលនាំឱ្យមានការភ័ន្តច្រឡំដល់សាធារណជនពាក់ព័ន្ធនឹងការរៀបចំសង្រ្កាន្តរបស់ប្រទេសកម្ពុជាដោយលោកបានបញ្ជាក់ថា ដោយសារតែលោកបានទទួលបានព័ត៌មានមិនច្បាស់លាស់។

នៅក្នុងលិខិតសុំទោសជាសាធារណៈរបស់លោក មាស រិទ្ធី បានឱ្យដឹងថា លោកពិតជាបង្កើតនូវកំហុសធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរដ៏ល្អផូរផង់ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ។ លោកបានសុំទោសជាសាធារណៈចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសុំទោសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចំពោះកំហុសខុសឆ្គង ដោយអចេតនានេះ។

ដោយសារការបង្កកំហុស របស់ លោក មាស រិទ្ធី ក្នុងការបកស្រាយលើការប្រើប្រាស់ពាក្យសង្ក្រាន្ត ដោយលោកមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការភ័ន្តច្រឡំក្នុងសាធារណមតិ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានចេញលិខិតមួយទៅកាន់អគ្គនាយកទូរទស្សន៍ហង្សមាស ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា ពាក្យសង្រ្កាន្ត ជាពាក្យសំស្រ្កឹត មានន័យថា រង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្រ្កាន្ត មាននៅសិលាចារឹកនានាតាមប្រាសាទនៅតំបន់អង្គរ ហើយពិធីសង្រ្កាន្តនេះដែរ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមាជាដើម ហើយការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួននោះឡើយ។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៤នេះ បើទោះបីជាមិនមានការរៀបចំពិធី អង្គរសង្រ្កាន្តក៏ដោយ ក៏នៅតាមបណ្តារាជធានី ខេត្តនានាក្នុងប្រទេសកម្ពុជាបាន ត្រៀមនឹងរៀបចំពីធីសង្រ្កាន្តគ្រប់ខេត្តក្រុង ដើម្បីផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់៕

អត្ថបទទាក់ទង