ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការងារ នាំយកឱកាសការងារថ្មីប្រមាណជាង២៥០០កន្លែងជូនកម្មករ Y & W

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 74

    ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាមានឱកាសការងារប្រមាណជាង២៥០០កន្លែងសម្រាប់ជូនកម្មកររោងចក្រY & W ដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។

    ក្រសួងបានបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែល បងប្អូនរស់នៅ។ ឱកាសការងារចំនួន ២ ៥៤៧ កន្លែង ពីរោងចក្រ និងសហគ្រាស ជាច្រើនកំពុងរង់ចាំបងប្អូន កម្មករនិយោជិត”។

    បន្ថែមពីនេះ ក្រសួងក៏អំពាវនាវផងដែរថា ខណៈពេលដែលបងប្អូនកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវដល់បងប្អូន សូមមកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ តាមរយៈសេវាការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលកំពុងចតនៅមុខក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ស្រាប់ ឬទំនាក់ទំនងមកលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram)។

    ជាមួយគ្នានេះ លោកឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានអះអាងថា រោងចក្រសុទ្ធតែជារោងចក្រមកពីប្រទេសសឹង្ហបូរី ចិន និងកោះហុងកុងជាដើមដែលមានទីតាំងនៅជុំវិញរោងចក្រ Y & Wដែលជាការផ្តល់ភាពងាយស្រួលដល់កម្មកររោងចក្រ Y & W៕