ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីវិបត្តិជំងឺកូវីដ-១៩ បានស្រាកស្រាន្តបន្តិច ប៉ុន្តែស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 64

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ធ្ងន់ជាងគេបំផុតពីវិបត្តិជំងឺកូវីដ-១៩ ហើយជាក់ស្តែងនៅខេត្តសៀមរាបគឺជាកន្លែងដែលប៉ះពាល់ធំបំផុតតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ទោះបីជាវិបត្តិសុខភាពសកលនេះ កំពុងស្រាកស្រាន្តជាបន្តបន្ទាប់ ស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី ដែលការណ៍នេះ ធ្វើឱ្យយើងបន្តប្រឈមនឹងបញ្ហាថ្មីៗកាន់តែស្មុគ្រស្មាញដែលកំពុងតែកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្រ្តនយោបាយ ដែលបន្តជះឥទ្ធិពលអវិជ្ជមានមកលើវិស័យទេសចរណ៍សាកលលោក រួមទាំងកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា កត្តាសន្តិសុខ សុខសន្តិភាព និងស្ថិរភាពនយោបាយ ការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងលើជំងឺកូវីដ-១៩ ដោយជោគជ័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់លទ្ធភាពឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានលើកទី៤០ និង៤១ ព្រមទាំងបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលបានលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិគួរជាទីមោទនៈបំផុតរបស់ប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទទាក់ទង