ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជំរុញការលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ដើម្បីនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 56

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤នេះ បន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនបន្តវេន ដើម្បីចូលរួមលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

នៅក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការរៀបចំទិវាវប្បធម៌ជាតិ ក៏ដើម្បីលើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុសឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្សលើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ។

នៅក្នុងខ្លឹមសារនៃសារាចរដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោមយុវជនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ដែលជាសក្តានុពលមួយនៃប្រភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងធានាឱ្យបាននូវការផ្ទេរចំណេះដឹងនិងជំនាញប្រពៃណីដល់យុវជនជំនាន់ក្រោយ៕

អត្ថបទទាក់ទង