សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី ធ្លាប់មកលេងនៅអង្គរវត្ដកាលពីឆ្នាំ១៩៨៧ ដែលពេលនោះមិនមានមនុស្សច្រើនទេ ហើយមានឮសូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នាទៀតផង
ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អាន់ថូនី អាល់បានីស (Anthony Albanese) ធ្លាប់បានមកលេងនៅអង្គរវត្ដ កាលពីឆ្នាំ១៩៨៧ ក្នុងនាមជាអ្នកទេសចរមួយរូប ដែលពេលនោះមិនមានមនុស្សច្រើនទេ ហើយមានឮសូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នាទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងពេលនោះដែរ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើដំណើរមកប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសវៀតណាម ដែលពេលនោះ អង្គរវត្តពុំមានមនុស្សច្រើនចង្អៀតនោះទេ ប៉ុន្តែកម្ពុជានៅមានបញ្ហាអសន្តិសុខនិងការបាញ់គ្នានៅឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជាបច្ចុប្បន្ននេះពុំមានសង្រ្គាមអសន្តិសុខទៀតនោះទេ ដែលទាំងអស់នេះបានមកពីផលលាភនៃសន្តិភាពដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព៕